អូស្ត្រាលីនិយាយថា ខ្លួននឹងបញ្ជូននគរបាលបន្ថែមទៀតទៅកាន់ប្រទេស Solomon Islands ដើម្បីពង្រឹងសន្តិសុខ

0

អូស្ត្រាលី​៖ កាលពី​ថ្ងៃអាទិត្យ ប្រទេស​អូស្ត្រាលី​បាន​និយាយ​ថា ខ្លួន​នឹង​បញ្ជូន​នគរបាល​បន្ថែម​ទៅ​កាន់​ប្រទេស Solomon Islands ដើម្បី​ពង្រឹង​សន្តិសុខ​សម្រាប់​ការ​ប្រកួត​កីឡា​ប៉ា​ស៊ី​ហ្វិ​ក​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ ហើយនឹង​រក្សា​នគរបាល​នៅ​ទីនោះ​រហូត​ដល់​ខែមិថុនា ដើម្បី​ជួយ​ដល់​ការ​បោះ​ឆ្នោត​សកល​។

ការ​ពង្រីក​វត្តមាន​នគរបាល​អូស្ត្រាលី​កើតឡើង​បន្ទាប់​ពី​ប្រទេស Solomon Islands បង្កើន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន ដោយ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ចការ​នគរបាល​កាលពី​ខែកក្កដា​។ ប្រទេស​អូស្ត្រាលី នូ​វែ​ល​ហ្សេ​ឡង់ និង​សហរដ្ឋអាមេរិក​មានការ​ព្រួយបារម្ភ​ថា នគរបាល​ចិន​អាច​លុប​ចោលការ​រៀបចំ​សន្តិសុខ​ដែល​មាន​រយៈពេល​ដ៏​យូរអង្វែង ដែល​រដ្ឋធានី Canberra មាន​ជាមួយ​ប្រទេស​ដែល​ស្ថិត​នៅ​ប្រជុំ​កោះ​ប៉ា​ស៊ី​ហ្វិ​កមួយ​នេះ​។

កាលពី​ថ្ងៃ​សុក្រ ប្រទេស Solomon Islands បាន​និយាយ​ថា ខ្លួន​បាន​អញ្ជើញ​អូស្ត្រាលី​ឲ្យ​បន្ត​វត្តមាន​នគរបាល​នៅ​ក្នុង​ប្រទេស ដែល​ការ​ចូលរួម​នោះ​ត្រូវ​បាន​បញ្ចប់​កាលពី​ខែធ្នូ​។

កាលពី​ថ្ងៃអាទិត្យ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី​បាន​និយាយ​ថា ប្រទេស​អូស្ត្រាលី​គឺជា “​ដៃគូ​សន្តិសុខ​ចម្បង​” របស់​ប្រទេស​ដែល​ស្ថិត​នៅ​ប្រជុំ​កោះ​ប៉ា​ស៊ី​ហ្វិ​កមួយ​នោះ​។ ហើយ​នគរបាល​អូស្ត្រាលី​នឹង​ធ្វើការ​ជាមួយនឹង​មន្ត្រី​មក​ពី​ប្រទេស Fiji, New Zealand និង Papua New Guinea ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ