បរទេស៖ កាលពីថ្ងៃអាទិត្យ ប្រជាជនបាននិយាយថា មនុស្សពីរនាក់បានស្លាប់ និងមនុស្សម្នាក់ទៀតរងរបួស នៅពេលដែលរថយន្តរបស់ពួកគេត្រូវបានឆ្នក់វាយប្រហារដោយខ្មាន់កាំភ្លើងនៅភាគខាងលិចនៃប្រទេស Burundi ស្ថិតនៅក្បែរព្រំដែនជាមួយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
ពួកគេបាននិយាយថា កាលពីយប់ថ្ងៃសៅរ៍ ការវាយប្រហារននោះបានកើតឡើងនៅតាមដងផ្លូវពីខេត្ត Bubanza ទៅកាន់រដ្ឋធានីពាណិជ្ជកម្ម Bujumbura នៃប្រទេស Burundi។ ប្រជាជនបីនាក់បានប្រាប់អ្នកយកសារព័ត៌មានរ៉យទ័រថា ពួកគេបានឮសំឡេងបាញ់កាំភ្លើង និងការបំផ្ទុះគ្រាប់បែកដៃពីតំបន់ដែលមានការវាយប្រហារ។
ស្ត្រីម្នាក់ដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់អ្នកយកសារព័ត៌មានរ៉យទ័រថា “រថយន្តដែលបានធ្វើដំណើរចេញពីទីប្រជុំជន Gihanga ទៅកាន់រដ្ឋធានី Bujumbura ត្រូវបានដុត ដែលបានបណ្តាលឲ្យស្ត្រីម្នាក់ និងបុរសម្នាក់នៅក្នុងរថយន្តបានស្លាប់ រួមទាំងបុរសម្នាក់ទៀតបានរត់គេចខ្លួន ប៉ុន្តែត្រូវបានរងរបួសដោយគ្រាប់កាំភ្លើង” ។
ប្រជាជនបានបន្ថែមទៀតថា ពួកគេបានសង្ស័យថា ការវាយប្រហារដែលមានចម្ងាយប្រហែល ប្រាំគីឡូម៉ែត្រពីព្រំដែន ត្រូវបានបង្កឡើងដោយក្រុម Red-Tabara ដែលជាក្រុមឧទ្ទាមដែលបានប្រយុទ្ធជាមួយរដ្ឋាភិបាល Burundi អស់រយៈពេលជាច្រើនឆ្នាំនៅមូលដ្ឋាននៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ