បរទេស៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគអាស៊ានឆ្នាំ២០២៣ (ABIS 2023) នៅទីក្រុងហ្សាការតាកាលពីថ្ងៃទី១ ខែកញ្ញាថា អាស៊ាន គឺជាទិសដៅទាក់ទាញបំផុតសម្រាប់វិនិយោគិនបរទេស។ នៅក្នុងឆ្នាំ២០២២ ការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់សកលលោកចំនួន ១៧% បានវិនិយោគនៅក្នុងអាស៊ាន។ នេះបើយោងតាមប្រធានាធិបតីឥណ្ឌូណេស៊ី។
លោកបាននិយាយថា កំណើនសេដ្ឋកិច្ចរបស់ប្លុកនេះត្រូវបានព្យាករថានឹងមានកម្រិតខ្ពស់បំផុតនៅក្នុងពិភពលោកនៅក្នុងឆ្នាំ២០២៤ ដែលឈានដល់ចំនួន ៤,៥% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយលោកបាននិយាយបន្ថែមថា ប្រហែល ៦៥% នៃប្រជាជនអាស៊ាននឹងចូលរួមទៅក្នុងវណ្ណៈកណ្តាលនៅត្រឹមឆ្នាំ២០៣០។
លោកបាននិយាយថា កត្តាទាំងអស់នឹងជួយឱ្យអាស៊ានក្លាយជា «ចំណុចស្នូលនៃកំណើន» ជាមួយនឹង «យុទ្ធសាស្ត្រនៃភាពប៉ិនប្រសប់មិនធម្មតា» ចំពេលដែលមានភាពមិនប្រាកដប្រជាជាសកល ខណៈដែលលោកបានសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់កិច្ចសហការដ៏រឹងមាំនៅក្នុងតំបន់អាស៊ាន ដែលផ្តល់អាទិភាពដល់ផលប្រយោជន៍ទៅវិញទៅមកទាំងក្នុងទំនាក់ទំនងរវាងប្រទេសជាសមាជិក រវាងសហគ្រិន និងរវាងសហគមន៍។
លោកប្រធានាធិបតីបានសម្តែងនូវក្តីសង្ឃឹមថា ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) នឹងដើរតួនាទីកាន់តែធំក្នុងការបង្កើន និងអនុវត្តយុទ្ធសាស្ត្រ ដែលអាចជំរុញកិច្ចសហការរវាងភាគីពាក់ព័ន្ធនានា។ គេក៏បានរំពឹងទុកផងដែរថា គោលគំនិតអាស៊ានដែលមានការចូលរួម ដែលត្រូវបានណែនាំដោយ ASEAN-BAC នឹងភ្ជាប់ទំនាក់ទំនងដើម្បីសម្រេចបាននូវប្រព័ន្ធអេកូឡូស៊ីដែលមានអត្ថប្រយោជន៍ទៅវិញទៅមក បង្កើនភាពប្រកួតប្រជែង និងលើកកម្ពស់វិបុលភាពរបស់អាស៊ាន។
កិច្ចប្រជុំ ABIS ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូណេស៊ី (Kadin) គឺជាព្រឹត្តិការណ៍សំខាន់មួយនៃព្រឹត្តិការណ៍សំខាន់ចំនួនពីរនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣៕
ប្រភព៖ ក្រសួងព័ត៌មាន