ម៉ិកស៊ិកូវាយតម្លៃខ្ពស់ចំពោះសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន

0

បរទេស៖ គណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងម៉ិកស៊ិកូ (ACMC) បានទៅបំពេញទស្សនកិច្ចការងារនៅរដ្ឋគូរេតារ៉ូនៅភាគកណ្តាលប្រទេសម៉ិកស៊ិកូ ចាប់ពីថ្ងៃទី២៨-៣០ ខែសីហា ដើម្បីពង្រឹងទំនាក់ទំនងពហុភាគីជាមួយតំបន់នោះ ដែលស្ថិតក្នុងចំណោមគោលដៅទាក់ទាញវិនិយោគបរទេសឈានមុខគេនៅក្នុងប្រទេសក្នុងតំបន់អាមេរិកឡាទីនមួយនេះ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូអាស៊ានដែលរួមមានឯកអគ្គរដ្ឋទូតហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាម បានជួបជាមួយអភិបាលរដ្ឋ លោក មុយរីស៊ីអូ គូរី ហ្កុនហ្សាឡេហ្ស៍ ចូលរួមវេទិកាធុរកិច្ចអាស៊ាន-គូរេតារ៉ូ និងបានទស្សនកិច្ចក្រុមហ៊ុនធុរកិច្ចក្នុងស្រុកមួយចំនួន។

អភិបាលរដ្ឋរូបនោះបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការឈានដល់ការមូលមតិគ្នារវាងរដ្ឋាភិបាលនៃរដ្ឋគូរេតារ៉ូ និងតំបន់អាស៊ានទៅលើគុណតម្លៃ និងគោលការណ៍ ដោយផ្តោតសំខាន់ទោលើកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងស្ថិរភាពក្នុងតំបន់។

លោកបាននិយាយបន្តថា បើទោះបីរដ្ឋនេះជាតំបន់មួយក្នុងចំណោមតំបន់ដែលមានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់បំផុតក្នុងប្រទេសម៉ិកស៊ិកូក្តី ក៏រដ្ឋគូរេតារ៉ូរំពឹងថានឹងនៅតែត្រូវការការសិក្សាពីបទពិសោធន៍អភិវឌ្ឍសេដ្ឋកិច្ចរបស់តំបន់អាស៊ានដែរ។

ក្នុងនាម ACMC ឯកអគ្គរដ្ឋទូតថៃ លោក ប៉ៃសាន រូប៉ានីចគីច ប្រធានប្តូរវេនរបស់ ACMC បានប្រកាសពីគំនិតផ្តួចផ្តើមរបស់ ACMC ក្នុងការពង្រឹងការតភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុនធុរកិច្ច និងប្រជាជនក្នុងតំបន់អាស៊ាន និងរដ្ឋគូរេតារ៉ូ។

នៅក្នុងវេទិកាធុរកិច្ចអាស៊ាន-គូរេតារ៉ូ លោកស្រីបណ្ឌិត ប៉ាឡូម៉ា ប៉ាឡាស៊ីអូស ហ្កុនហ្សាឡេសហ៍ តំណាងរដ្ឋាភិបាលនៃរដ្ឋគូរេតារ៉ូបានសង្កត់ធ្ងន់ថា អាស៊ានដើរតួនាទីយ៉ាងសំខាន់កាន់តែខ្លាំងឡើងនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពិភពលោក និងមានឥទ្ធិពលយ៉ាងសំខាន់នៅក្នុងសកម្មភាពសេដ្ឋកិច្ចពិភពលោក។

លោកស្រីបាននិយាយថា ការជំរុញពាណិជ្ជកម្មជាមួយបណ្តាប្រទេសនៅអាស៊ាននឹងនាំមកនូវឱកាសសម្រាប់ការនាំចេញ និងការវិនិយោគដល់រដ្ឋគូរេតារ៉ូ៕

ប្រភព៖ ក្រសួងព័ត៌មាន