អាស៊ានអនុម័តឯកសារសំខាន់ៗ ស្តីពីវប្បធម៌ និងសង្គម

0

បរទេស៖ កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣០ (ASCC) ដែលបានប្រារព្ធឡើងនៅទីក្រុងហ្សាការតាកាលពីថ្ងៃទី២៩ ខែសីហា បានអនុម័តទៅលើឯកសារចំនួន៥ ដែលនឹងត្រូវពិភាក្សា និងអនុម័តបន្ថែមទៀតនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ដែលគ្រោងធ្វើនៅថ្ងៃទី៥-៧ ខែកញ្ញានៅប្រទេសឥណ្ឌូណេស៊ី។

កិច្ចប្រជុំនេះដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសម្របសម្រួលអភិវឌ្ឍធនធានមនុស្ស និងកិច្ចការវប្បធម៌នៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី លោកសាស្ត្រាចារ្យបណ្ឌិត មូហាដជៀ អេហ្វហ្វេនឌី ជាប្រធានសម្រាប់កិច្ចប្រជុំ ASCC លើកទី៣០ និងមានការចូលរួមពីបណ្តារដ្ឋមន្ត្រី ASCC នៃប្រទេសជាសមាជិកអាស៊ាន ព្រមទាំងប្រទេសទីម័រឡេស្តេក្នុងនាមជាអ្នកសង្កេតការណ៍ និងអគ្គលេខាធិការអាស៊ាន។

យោងតាមលោក មូហាដជៀ បានឱ្យដឹងថា កិច្ចប្រជុំនោះមានការរីកចម្រើនយ៉ាងខ្លាំងក្នុងការជំរុញអាស៊ានដែលប្រកបដោយបរិយាប័ន្ន ចីរភាព និងផ្តោតសំខាន់ទោលើប្រជាជន ដែលជាការឆ្លុះបញ្ចាំងតាមរយៈគំនិតផ្តួចផ្តើមដែលបានធ្វើឡើងនៅក្នុងឆ្នាំនេះ និងឯកសារលទ្ធផលដែលបានដាក់ជូនសម្រាប់ការអនុម័ត ឬកំណត់ចំណាំទៅកាន់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ។

ឯកសារលទ្ធផលទាំង៥ ដែលត្រូវអនុម័តដោយបណ្តាមេដឹកនាំអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ គឺទាក់ទងនឹងតំបន់ដែលប្រកបដោយបរិយាប័ន្ន ការប្រែប្រួលអាកាសធាតុ សមភាពយេនឌ័រ និងការអភិវឌ្ឍគ្រួសារ ការថែទាំកុមារតូច និងការអប់រំ ព្រមទាំងភាពធន់ប្រកបដោយចីរភាព។ លើសពីនេះទៀត ឯកសារចំនួន២១ ស្តីពីបញ្ហាសង្គម-វប្បធម៌ផ្សេងៗនឹងត្រូវដាក់ជូនក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ សម្រាប់ការអនុម័ត។ ឯកសារទាំងនេះបានរួមចំណែកដល់ប្រធានបទនៃការធ្វើជាប្រធានអាស៊ានរបស់ប្រទេសឥណ្ឌូនេស៊ីនៅក្នុងឆ្នាំនេះ គឺ «បញ្ហាអាស៊ាន៖ ចំណុចស្នូលនៃកំណើន»។ កិច្ចប្រជុំនោះក៏បានអះអាងសារជាថ្មីផងដែរអំពីអាទិភាពរបស់ខ្លួនក្នុងការពិភាក្សាអំពីចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥។

ប្រទេសឡាវនឹងកាន់តំណែងជាប្រធាន ASCC សម្រាប់ឆ្នាំ២០២៤ និងជាប្រធានអាស៊ានឆ្នាំ២០២៤។ កិច្ចប្រជុំ ASCC លើកទី៣១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្លួងប្រាបាងនៃប្រទេសឡាវ៕

ប្រភព៖ ក្រសួងព័ត៌មាន