បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអបអរសាទរចំពោះសមភាគីកៀហ្ស៊ីស៊ីស្ថាន លោក សាឌៀរ ចាប៉ារ៉ូវ នៅថ្ងៃបុណ្យឯករាជ្យជាតិរបស់សាធារណរដ្ឋមួយនេះ ដោយលោកបានកត់សម្គាល់អំពីការអភិវឌ្ឍប្រកបដោយជោគជ័យនៃទំនាក់ទំនងទ្វេភាគីក្នុងវិស័យផ្សេងៗ។ នេះបើយោងតាមសារអបអរសាទរដែលបានបង្ហោះនៅលើគេហទំព័ររបស់វិមានក្រឹមឡាំងកាលពីថ្ងៃព្រហស្បតិ៍។
សារអបអរសាទរនោះបាននិយាយថា «ជំរាបសួរលោកប្រធានាធិបតី សាឌៀរ នូហ្គោហ្ស៍ហូយ៉េវីច សូមទទួលយកការអបអរសាទរដ៏ស្មោះស្ម័គ្ររបស់ខ្ញុំក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន។ ទំនាក់ទំនងរវាងរដ្ឋរបស់យើង គឺផ្អែកទៅលើគោលការណ៍នៃភាពជាដៃគូយុទ្ធសាស្ត្រ និងសម្ព័ន្ធភាព។ យើងអភិវឌ្ឍប្រកបដោយជោគជ័យនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យផ្សេងៗ និងធ្វើអន្តរកម្មក្នុងន័យស្ថាបនានៅក្នុងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) អង្គការសហប្រតិបត្តិការសៀងហៃ (SCO) និងរចនាសម្ព័ន្ធពហុភាគីផ្សេងទៀត»។
លោក ពូទីន បានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងទំនាក់ទំនងដ៏ច្រើនសន្ធឹកសន្ធាប់បន្ថែមទៀតរវាងរុស្ស៊ី និងកៀហ្ស៊ីស៊ីស្ថាន ត្រូវបានបំពេញយ៉ាងពេញលេញនូវផលប្រយោជន៍របស់ប្រជាជនជាមិត្តនៃប្រទេសទាំងពីរ ហើយក៏ជួយពង្រឹងដល់សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់អឺរ៉ាស៊ីផងដែរ។
មេដឹកនាំរុស្សីបានជូនពរលោក ចាប៉ារ៉ូវ ឱ្យមានសុខភាពល្អ និងជោគជ័យ ហើយសូមឱ្យប្រជាជនកៀហ្ស៊ីស៊ីស្ថានឱ្យជួបតែសេចក្តីសុខ និងសេចក្តីចម្រើន។
ប្រទេសកៀហ្ស៊ីស៊ីស្ថានប្រារព្ធពិធីបុណ្យជាតិរបស់ខ្លួន គឺទិវាឯករាជ្យជាតិកាលពីថ្ងៃទី៣១ ខែសីហា។ ប្រទេសនៅតំបន់អាស៊ីកណ្តាលមួយនេះបានអនុម័តសេចក្តីប្រកាសឯករាជ្យរដ្ឋរបស់ខ្លួននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៩១៕
ប្រភព៖ ក្រសួងព័ត៌មាន