បរទេស៖ រដ្ឋាភិបាលជប៉ុនបាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃអង្គារថា អត្រាអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសជប៉ុនបានកើនឡើងនៅក្នុងខែកក្កដាបើធៀបទៅនឹងមួយខែមុន។
យោងតាមក្រសួងមហាផ្ទៃ និងទំនាក់ទំនងបានឱ្យដឹងថា អត្រាគ្មានការងារធ្វើមានចំនួន ២,៧% ដោយកើនឡើងពីចំនួន ២,៥% កាលពីមួយខែមុន។
អ្នកវិភាគនៅក្រសួងនោះបានសន្មតថា ការកើនឡើងជាលើកដំបូងក្នុងរយៈពេល ៤ខែនេះ ដោយសារការចុះខ្សោយនៃតម្រូវការនៅក្នុងទីផ្សារការងាររបស់ប្រទេស ដែលអាចបញ្ជូនសញ្ញាដ៏ខកចិត្តសម្រាប់ធនាគារកណ្តាល និងរដ្ឋាភិបាល។
ដោយឡែក ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពបាននិយាយថា សមាមាត្រភាពមានការងារបានធ្លាក់ចុះ ០,០១ពិន្ទុ មកនៅត្រឹម ១,២៩ពិន្ទុ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា