បរទេស៖ ប្រទេសចិន និងប៉ាគីស្ថាន បានចាប់ផ្តើមសមយុទ្ធទ័ពអាកាសរួមគ្នាកាលពីថ្ងៃចន្ទនៅក្នុងទឹកដីចិន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការហ្វឹកហ្វឺនបន្ថែមទៀត និងការសម្របសម្រួលរវាងយោធានៃប្រទេសទាំងពីរ ព្រមទាំងបង្កើនការផ្លាស់ប្តូររបស់ពួកគេ និងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាយោធា។
សមយុទ្ធនេះមានរហស្សនាមថា សាហ៊ីន (អ៊ីហ្គល) អ៊ិច (Shaheen (Eagle) – X) ដែលវាជាសមយុទ្ធហ្វឹកហ្វឺនរួមគ្នាលើកទី១០ រវាងកងទ័ពអាកាសចិន និងប៉ាគីស្ថាន។ សមយុទ្ធនេះនឹងផ្តោតសំខាន់ទៅលើការហ្វឹកហ្វឺននៅក្នុងសេណារីយ៉ូប្រយុទ្ធធម្មតា ដូចជាការការពារដែនអាកាសរួមគ្នា និងវិធានការប្រឆាំងរួមគ្នាជាដើម។
ភាគីទាំងពីរនឹងបញ្ជូនយន្តហោះចម្បាំង យន្តហោះឱ្យសញ្ញាព្រមានជាមុន និងប្រភេទយន្តហោះជាច្រើនទៀត ព្រមទាំងកងកម្លាំងជើងគោក ដូចជាកាំជ្រួចបាញ់ពីដីទៅអាកាស និងរ៉ាដា រួមទាំងផ្តល់សញ្ញាដល់កងទ័ពដើម្បីចូលរួមក្នុងសមយុទ្ធ។ អង្គភាពអាកាសចរណ៍កងទ័ពជើងទឹកចិនក៏នឹងចូលរួមក្នុងការហ្វឹកហ្វឺននេះផងដែរ។
ស៊េរីនៃសមយុទ្ធ «សាហ៊ីន (អ៊ីហ្គល)» រវាងប្រទេសទាំងពីរបានចាប់ផ្តើមតាំងពីក្នុងខែមីនា ឆ្នាំ២០១១ មក៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា