បរទេស៖ ក្រុមមន្ត្រីបាននិយាយថា ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនបានធ្វើសមយុទ្ធការពារគ្រាប់មីស៊ីលត្រីភាគី នៅក្នុងដែនទឹកអន្តរជាតិភាគខាងត្បូងនៃឧបទ្វីបកូរ៉េកាលពីថ្ងៃអង្គារ ដើម្បីឆ្លើយតបទៅនឹងការបាញ់បង្ហោះរ៉ុក្កែតអវកាសរបស់ប្រទេសកូរ៉េខាងជើងកាលពីសប្តាហ៍មុន។
សមយុទ្ធនេះបានធ្វើឡើងនៅភាគខាងត្បូងនៃកោះជេជូ បន្ទាប់ពីការប៉ុនប៉ងរបស់ទីក្រុងព្យុងយ៉ាងក្នុងការបាញ់បង្ហោះរ៉ុក្កែតចូលីម៉ា១ (Chollima-1) របស់ខ្លួន។ ការនាំយកនូវអ្វីដែលខ្លួនអះអាងថាជាផ្កាយរណបឈ្លបយកការណ៍យោធានោះ មិនបានទទួលជោគជ័យទេកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលជាការបរាជ័យលើកទីពីររបស់ខ្លួននៅក្នុងឆ្នាំនេះ។
សមយុទ្ធចុងក្រោយនេះរួមមាន នាវាពិឃាតបំពាក់ដោយអេហ្គីស (Aegis) ចំនួនបី គឺនាវារ៉កស៍ (ROKS) នាវាយុលហ្គ៉ក (Yulgok) និងនាវាយីអ៊ី (Yi I) របស់កូរ៉េខាងត្បូង។ នាវាយូអេសអេស បេនហ្វូលដ៍ (USS Benfold) របស់សហរដ្ឋអាមេរិក និងនាវាចេអេស ហាហ្គូរ៉ូ (JS Haguro) របស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន។ នេះបើយោងការឱ្យដឹងរបស់កងទ័ពជើងទឹកកូរ៉េខាងត្បូង។
កងទ័ពជើងទឹកកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ រួមទាំងការបាញ់គ្រាប់រ៉ុក្កែតរបស់កូរ៉េខាងជើងកាលពីសប្តាហ៍មុន ដែលវាត្រូវបានពិពណ៌នាថា ជាការរំលោភបំពានយ៉ាងច្បាស់លាស់ទៅលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់ប្រទេសទាំងអស់ពីការបាញ់បង្ហោះណាមួយដោយប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង។
កាលពីថ្ងៃទី១៨ ខែសីហា លោក យូន ស៊ុកយុល ប្រធានាធិបតីកូរ៉េខាងត្បូង លោក ចូ បៃដិន ប្រធានាធីបតីសហរដ្ឋអាមេរិក និងលោក ហ្វ៊ូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន បានជួបប្រជុំគ្នានៅឯជំរំប្រធានាធិបតីខេមដាវីដ (Camp David) ក្នុងរដ្ឋម៉ារីលែន ជាកន្លែងដែលពួកគេបានអនុម័តឯកសារជាបន្តបន្ទាប់ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ និងសេដ្ឋកិច្ច ដូចជាការធ្វើសមយុទ្ធត្រីភាគីប្រចាំឆ្នាំជាប្រចាំជាដើម៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា