បរទេស៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក ហ្ស៊ូលគីហ្វលី ហាសាន់ សង្ឃឹមថា ប្រទេសជប៉ុននឹងលុបចោលជាបន្ទាន់នូវពន្ធគយចំនួន៤ ទៅលើការនាំចូលត្រីធូណាកំប៉ុងពីប្រទេសឥណ្ឌូណេស៊ី ដែលជាផ្នែកមួយនៃពិធីសារដើម្បីធ្វើវិសោធនកម្មនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចឥណ្ឌូណេស៊ី-ជប៉ុន (IJEPA)។
លោកបានកត់សម្គាល់ថា ប្រទេសជប៉ុនបានលុបចោលការយកពន្ធគយទៅលើការនាំចូលត្រីធូណាកំប៉ុងពីប្រទេសហ្វីលីពីន ថៃ និងវៀតណាម។ ដូច្នេះហើយ លោកសង្ឃឹមថា ប្រទេសជប៉ុននឹងអនុវត្តដូចគ្នាសម្រាប់ត្រីធូណាកំប៉ុងរបស់ឥណ្ឌូណេស៊ី។
លោករដ្ឋមន្ត្រីបាននិយាយថា ការលុបចោលពន្ធគយសម្រាប់ត្រីធូណាកំប៉ុង គឺជាតម្រូវការដាច់ខាតដើម្បីបញ្ចប់កិច្ចចរចាទៅលើពិធីសារវិសោធនកម្មកិច្ចព្រមព្រៀង IJEPA។
លោកបាននិយាយថា ខួបលើកទី៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន គួរតែត្រូវបានប្រើប្រាស់ដោយការពង្រីកទំនាក់ទំនងរវាងប្រទេសជប៉ុន និងបណ្តាប្រទេសនីមួយៗជាសមាជិកអាស៊ាន ដែលរួមមានទាំងប្រទេសឥណ្ឌូណេស៊ីផងដែរ។
លោកបាននិយាយបន្ថែមថា ដូច្នេះ សន្ទុះនេះ គឺជាឱកាសដ៏ល្អសម្រាប់ប្រទេសឥណ្ឌូណេស៊ី និងជប៉ុន ដើម្បីបញ្ចប់កិច្ចចរចាទាំងនោះឱ្យបានយ៉ាងឆាប់រហ័ស។
លោករដ្ឋមន្ត្រីមានសុទិដ្ឋិនិយមថា ប្រទេសទាំងពីរអាចប្រកាសពីការបញ្ចប់កិច្ចចរចាពិធីសារវិសោធនកម្មកិច្ចព្រមព្រៀង IJEPA នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៣ នៅទីក្រុងហ្សាការតាក្នុងខែកញ្ញាខាងមុខនេះ និងចុះហត្ថលេខាលើពិធីសារដែលបានគ្រោងទុកនៅក្នុងកិច្ចប្រជុំកំពូលខួបលើកទី៥០ អាស៊ាន-ជប៉ុន នៅខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ។
ការនាំចេញរបស់ប្រទេសឥណ្ឌូណេស៊ីទៅកាន់ប្រទេសជប៉ុនមានចំនួន ៩,៤ប៊ីលានដុល្លារអាម៉េរិក ខណៈដែលការនាំចូលរបស់ឥណ្ឌូណេស៊ីពីប្រទេសជប៉ុនមានចំនួនសរុប ៦,៨ប៊ីលានដុល្លារអាម៉េរិក ជាមួយនឹងអតិរេកប្រហែល ២,៥ប៊ីលានដុល្លារអាម៉េរិកសម្រាប់ឥណ្ឌូណេស៊ី។
ក្នុងឆ្នាំ២០២២ ពាណិជ្ជកម្មសរុបរបស់ប្រទេសឥណ្ឌូណេស៊ីជាមួយជប៉ុនបានឈានដល់តម្លៃ ៤២ប៊ីលានដុល្លារអាម៉េរិក ដោយកើនឡើងបាន ២៩,២% បើធៀបទៅនឹងឆ្នាំ២០២១ ខណៈដែលតម្លៃនៃការនាំចេញរបស់ប្រទេសឥណ្ឌូណេស៊ីទៅកាន់ប្រទេសជប៉ុនត្រូវបានកត់ត្រាចំនួន ២៤,៨ប៊ីលានដុល្លារអាម៉េរិក ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ (ឆ្នាំ២០១៨-២០២២)។
ម៉្យាងវិញទៀត ការនាំចូលរបស់ប្រទេសឥណ្ឌូណេស៊ីពីប្រទេសជប៉ុនមានចំនួន ១៧,១ប៊ីលានដុល្លារអាម៉េរិក ហើយឥណ្ឌូណេស៊ីមានអតិរេកចំនួន ៧,៦ប៊ីលានដុល្លារអាម៉េរិក៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា