ស្លាប់ ២នាក់ និងរបួស ៤នាក់ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅ​ស្រុកយ៉ារ៉ាង ក្នុង​ខេត្តប៉ាតានី

0

បរទេស៖ អាជ្ញាធរថៃបានបញ្ជាក់កាលពីថ្ងៃទី២៩ ខែសីហាម្សិលមិញថា ការវាយប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់នៅក្នុងខេត្តប៉ាតានីរបស់ប្រទេសថៃ ដែលជាការវាយប្រហាររបស់ក្រុមបះបោរនៅភាគខាងត្បូងប្រទេសថៃ ដោយបានសម្លាប់មនុស្សចំនួន ២នាក់ និង ៤នាក់ផ្សេងទៀតរងរបួស។ ការ​បំផ្ទុះគ្រាប់បែកទាំងនោះ​បាន​វាយ​ប្រហារ​ស្រុកយ៉ារ៉ាងនៅ​ខេត្តប៉ាតានី​កាល​ពី​យប់​ថ្ងៃ​ទី២៨ ខែ​សីហា ខណៈដែល​កង​កម្លាំង​សន្តិសុខ​ដើរ​ល្បាត​ក្នុង​តំបន់នោះ។

អភិបាលខេត្តប៉ាតានី លោក ប៉ាទីម៉ូហ៍ សាឌីយ៉ាមូ បាននិយាយថា ការស៊ើបអង្កេតទៅលើការវាយប្រហារនោះកំពុងដំណើរការ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការបំផ្ទុះគ្រាប់បែកលើកដំបូងបានកំណត់គោលដៅលើរថយន្តប៉ូលិស បន្ទាប់មក ការបំផ្ទុះគ្រាប់បែកបានកើតឡើងជាបន្តបន្ទាប់នៅតាមបង្គោលអគ្គិសនីជាច្រើនកន្លែងទៀតនៅក្នុងតំបន់នោះ។

ប្រជាជនជាង ៧.០០០នាក់ត្រូវបានសម្លាប់ និង ១៣.៥០០នាក់ផ្សេងទៀតបានរងរបួសចាប់តាំងពីការបះបោរបានកើតឡើងនៅភាគខាងត្បូងនៃប្រទេសថៃតាំងពីឆ្នាំ២០០៤ មក។

អស់​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​មក​ហើយ ដែលខ្មាន់កាំភ្លើង​បាន​ធ្វើ​ការ​វាយ​ប្រហារ​ជា​ប្រចាំ​ដើម្បី​ទាមទារ​ស្វ័យភាព​ក្នុង​តំបន់​នោះ ដែល​ភាគច្រើនជាអ្នក​កាន់​សាសនា​អ៊ីស្លាម៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា