បរទេស៖ ប្រភពនយោបាយនៅទីក្រុងអង់ការ៉ាបានប្រាប់ទីភ្នាក់ងារសារព័ត៌មានតាសស៍ថា ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អឺដូហ្គែន រំពឹងថានឹងជួបពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅក្នុងខែកញ្ញាខាងមុខ មុនពេលដែលសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិចាប់ផ្តើមនៅថ្ងៃទី១៩ ខែកញ្ញា។
ប្រភពនោះបាននិយាយថា «លោក អឺដូហ្គែន និងលោក ពូទីន នឹងជួបគ្នាមុនពេលដែលមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ធ្វើពិធីបើក»។ ប្រភពនោះបាននិយាយបន្ថែមថា កាលបរិច្ឆេទពិតប្រាកដនៅតែកំពុងត្រូវបានពិភាក្សា ហើយមេដឹកនាំទាំងពីរគ្រោងនឹងពិភាក្សាគ្នាយ៉ាងហ្មត់ចត់អំពីលទ្ធភាពនៃដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនៅអ៊ុយក្រែន។
លើសពីនេះទឪៀត ប្រភពនោះបាននិយាយថា លោក អឺដូហ្គែន និងលោក ពូទីន នឹងពិភាក្សាទាំងកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដើម និងជម្រើសដែលមានសក្តានុពលផ្សេងៗទៀត។ លោកបាននិយាយថា «ទីក្រុងអង់ការ៉ាបានសម្តែងនូវគោលជំហររបស់ខ្លួនម្តងហើយម្តងទៀត រួមទាំងការលើកឡើងកាលពីពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេសតួកគី លោក ហាកាន់ ហ្វ៊ីដាន់ ដែលបាននិយាយនៅក្នុងទីក្រុងគៀវថា កំណែដំបូងនៃកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ គឺមានភាពល្អប្រសើរ មិនដូចទៅនឹងជម្រើសសម្មតិកម្មទាក់ទងនឹងផ្លូវផ្គត់ផ្គង់ទេ»។ លោកបាននិយាយបន្ថែមថា «នៅក្នុងប្រទេសរុស្ស៊ី មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាអំពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងក្នុងទម្រង់មុនរបស់ខ្លួនជាទូទៅ។ ប៉ុន្តែមធ្យោបាយជំនួសដ៏មានសក្តានុពលនៃការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិដល់ប្រទេសដែលត្រូវការជំនួយក៏នឹងស្ថិតនៅក្នុងរបៀបវារៈនោះផងដែរ»។
នៅពេលមុននេះ ប្រភពការទូតមួយនៅក្នុងប្រទេសតួកគីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានតាសស៍ថា កិច្ចប្រជុំរវាងលោក ពូទីន និងលោក អឺដូហ្គែន នឹងប្រព្រឹត្តទៅនៅទីក្រុងសូជី ប្រហែលជានៅថ្ងៃទី៤ ខែកញ្ញា។ សារព័ត៌មានប្ល៊ូមបឺកបាននិយាយដោយដកស្រង់សម្តីមន្ត្រីតួកគីដែលបាននិយាយថា លោក អឺដូហ្គែន អាចនឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅថ្ងៃទី៨ ខែកញ្ញា ប៉ុន្តែរដ្ឋបាលប្រធានាធិបតីតួកគីបានបដិសេធមិនធ្វើអត្ថាធិប្បាយទៅលើការរាយការណ៍នេះ។ អ្នកនាំពាក្យគណបក្សយុត្តិធម៌ និងអភិវឌ្ឍ (AK Party) ដែលកំពុងកាន់អំណាចរបស់ប្រទេសតួកគី លោក អូមើរ សេលីក បានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងនៅទីក្រុងសូជី ប៉ុន្តែមិនបានបញ្ជាក់ថានៅពេលណាពិតប្រាកដនោះទេ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បាននិយាយនៅពេលមុននេះថា មេដឹកនាំទាំងពីរនឹងជួបគ្នាក្នុងពេលឆាប់ៗនេះ ប៉ុន្តែលោកមិនបានផ្តល់នូវកាលបរិច្ឆេទច្បាស់លាស់សម្រាប់កិច្ចប្រជុំនោះទេ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា