បរទេស៖ ក្រុមហ៊ុនសាជីវកម្មធំៗរបស់ថៃសង្ឃឹមថា នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក ស្រេតថា ថៈវីស៊ីន នឹងស្តារទំនុកចិត្តអ្នកវិនិយោគឡើងវិញ និងផ្តល់ការជំរុញដល់សេដ្ឋកិច្ចថៃដែលកំពុងធ្លាក់ចុះ។
ការបង្កើតរដ្ឋាភិបាលមានការរីកចម្រើនជាលំដាប់ចាប់តាំងពីលោក ស្រេតថា ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីកាលពីសប្តាហ៍មុន ហើយពេលនេះលោកកំពុងតែរួមបញ្ចូលនូវគណៈរដ្ឋមន្ត្រី និងក្រុមហ៊ុនធុរកិច្ចឆ្ពោះទៅរកការគ្រប់គ្រងសេដ្ឋកិច្ចជាវិជ្ជមានសម្រាប់ប្រទេស។
សភាពាណិជ្ជកម្មថៃ (TCC) សហព័ន្ធឧស្សាហកម្មថៃ (FTI) សហព័ន្ធអង្គការទីផ្សារមូលធនថៃ ជឿជាក់ថា លោក ស្រេតថា យល់ពីអ្វីដែលចាំបាច់ត្រូវធ្វើ ហើយនឹងបង្កើតក្រុមសេដ្ឋកិច្ចដែលមានសមត្ថភាពដើម្បីជួយឱ្យប្រទេសថៃដើរលើផ្លូវត្រូវឆ្ពោះទៅរកភាពរុងរឿងផ្នែកសេដ្ឋកិច្ច ចំពេលដែលបរិយាកាសធុរកិច្ច និងការវិនិយោគមានភាពអំណោយផល។
លោកស្រី ចារីផន ចារូកោនសាគុល ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនសាជីវកម្ម WHA បាននិយាយថា ការមាននាយករដ្ឋមន្ត្រីថ្មីនឹងជំរុញវិស័យធុរកិច្ច និងនាំមកនូវការវិនិយោគទៅកាន់ប្រទេសថៃ ដោយលោកស្រីបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការជំរុញសេដ្ឋកិច្ច និងការវិនិយោគ។
លោក ឥទ្ធិពល រឹកពីប៊ូន នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន PTT បានគូសបញ្ជាក់ពីតម្រូវការសម្រាប់រដ្ឋាភិបាលថ្មីក្នុងការជំរុញគោលនយោបាយសេដ្ឋកិច្ច ការគាំទ្រធុរកិច្ច និងលើកកម្ពស់វិស័យឧស្សាហកម្មរបស់ប្រទេសថៃ ជាពិសេសនៅក្នុងឧស្សាហកម្មដែលទាក់ទងនឹងបច្ចេកវិទ្យា ប៉ុន្តែលោកក៏បានលើកឡើងផងដែរថា ការពឹងផ្អែកតែលើការនាំចូលបច្ចេកវិទ្យានឹងមានបញ្ហាប្រឈម។
យោងតាមក្រុមអ្នកសង្កេតការណ៍បានឱ្យដឹងថា បញ្ហាប្រឈមសេដ្ឋកិច្ចដែលត្រូវដោះស្រាយរួមមាន ការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកដែលប៉ះពាល់ដល់ដៃគូពាណិជ្ជកម្ម ដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុបជាដើម។ ការនាំចេញរបស់ប្រទេសថៃត្រូវបានព្យាករថានឹងធ្លាក់ចុះពី ២% ទៅ ៣% នៅក្នុងឆ្នាំនេះ។ សេដ្ឋកិច្ចក្នុងស្រុកក៏មានភាពយឺតយ៉ាវផងដែរ ជាមួយនឹងកំណើន ១,៨% នៅក្នុងត្រីមាសទីពីរ ដែលជំរុញឱ្យមានតម្រូវការសម្រាប់វិធានការជំរុញសេដ្ឋកិច្ចរយៈពេលខ្លី និងបញ្ជាក់ពីតម្រូវការសម្រាប់ការកែសម្រួលរចនាសម្ព័ន្ធនៃសេដ្ឋកិច្ចឆ្ពោះទៅរកបច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើនការបង្កើតតម្លៃក្នុងវិស័យផលិតកម្ម និងសេវាកម្ម៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា