នាយករដ្ឋមន្ត្រីចិន ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីបាបាដូស

0

បរទេស៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីបាបាដូស លោកស្រី មីយ៉ា អាម៉ូ ម៉ូតត្លី (Mia Amor Mottley) ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនកាលពីថ្ងៃអាទិត្យនៅទីក្រុងប៉េកាំង។

លោក លី បានកត់សម្គាល់ថា ប្រទេសបាបាដូសគឺជាមិត្ត និងជាដៃគូដ៏ល្អរបស់ប្រទេសចិននៅក្នុងតំបន់ការីបៀន ។ លោកបាននិយាយថា ក្រោមកាលៈទេសៈថ្មី ប្រទេសចិនមានឆន្ទៈក្នុងការបង្កើនការជឿទុកចិត្តគ្នាជាយុទ្ធសាស្រ្តជាមួយបាបាដូស ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងកសាងទំនាក់ទំនងរវាងចិន-បាបាដូសឱ្យទៅជាគំរូនៃសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសកំពុងអភិវឌ្ឍ។

ប្រទេសចិនយល់ពីស្ថានភាព និងកង្វល់ពិសេសនៃប្រទេសកោះកំពុងអភិវឌ្ឍមួយនេះក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងបញ្ហាផ្សេងៗទៀត។ លោកបានកត់សម្គាល់ថា ប្រទេសចិនមានឆន្ទៈរួមគ្នាស្វែងរកដំណោះស្រាយសម្រាប់ការលំបាកផ្នែកហិរញ្ញប្បទាន និងជួយដល់ប្រទេសកំពុងអភិវឌ្ឍ នៅពេលដែលពួកគេពន្លឿនការផ្លាស់ប្តូរថាមពល និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។

លោកស្រី ម៉ូតត្លី បាននិយាយថា ប្រទេសបាបាដូសយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងបាបាដូស-ចិន ហើយប្រទេសទាំងពីរបានប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។

បន្ទាប់ពីកិច្ចពិភាក្សា ពួកគេបានរួមគ្នាធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន ស្តីពីការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកលលោក សេដ្ឋកិច្ចពណ៌ខៀវ កិច្ចសហប្រតិបត្តិការក្នុងតំបន់ ការថែទាំសុខភាព និងវេជ្ជសាស្ត្រ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា