ចិនគ្រោងកំណត់យកថ្ងៃទី១៥ ខែសីហា ជាទិវាបរិស្ថានវិទ្យាជាតិ

0

បរទេស៖ ប្រទេសចិនកំពុងពិចារណាទៅលើផែនការនៃការកំណត់កាលបរិច្ឆេទថ្ងៃទី១៥ ខែសីហា ជាទិវាបរិស្ថានវិទ្យាជាតិរបស់ខ្លួន ដើម្បីបង្កើនការយល់ដឹងជាសាធារណៈ និងចាត់សកម្មភាពដើម្បីការពារបរិស្ថានអេកូឡូស៊ី។

សេចក្តីព្រាងនៃសេចក្តីសម្រេចស្តីពីការបង្កើតទិវានោះ ត្រូវបានដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិលើកទី១៤ (NPC) ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិន ដើម្បីពិនិត្យកាលពីថ្ងៃចន្ទ។

សេចក្តីព្រាងច្បាប់នេះបាននិយាយថា ប្រទេសចិនបានធ្វើការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ និងយ៉ាងទូលំទូលាយក្នុងកិច្ចការពារបរិស្ថានអេកូឡូស៊ីរបស់ខ្លួន និងធ្វើឱ្យមានសមិទ្ធិផលដែលពិភពលោកទទួលស្គាល់។ សេចក្តី​ព្រាង​សេចក្តី​សម្រេច​នេះ​ក៏​ស្នើ​ឱ្យ​បង្កើន​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ និង​ការ​អប់រំអំពី​អរិយធម៌​អេកូឡូស៊ី​តាម​ទម្រង់​ផ្សេងៗផងដែរ។

គណៈកម្មាធិការអចិន្ត្រៃយ៍នៃ NPC លើកទី១៤ បានចាប់ផ្តើមសម័យប្រជុំលើកទី៣ របស់ខ្លួនកាលពីថ្ងៃច័ន្ទ ដើម្បីពិនិត្យទៅលើសេចក្តីព្រាងច្បាប់ និងការកែប្រែច្បាប់មួយចំនួន៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា