បរទេស៖ ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ពិធីបើកកិច្ចចរចាជុំទី៣ ស្តីពីកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន (FTA) ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃអាទិត្យនៅទីក្រុងគុនមីង រដ្ឋធានីនៃខេត្តយូណាននៅភាគនិរតីនៃប្រទេសចិន។
មន្ត្រីប្រហែល ៣៧០នាក់មកពីអាជ្ញាធរពាក់ព័ន្ធនៃប្រទេសចិន និងបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជាលេខាធិការដ្ឋានអាស៊ានបានចូលរួមកិច្ចចរចាដែលមានរយៈពេលចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមិថុនា។
បើយោងតាមអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក វ៉ាង ស៊ូវិន (Wang Shouwen) នៅក្នុងពិធីបើកបាននិយាយថា កំណែទម្រង់៣.០ នឹងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងបណ្តាប្រទេសនៅអាស៊ាន។
លោក វ៉ាង បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការងារជាមួយបណ្តាប្រទេសនៅអាស៊ាន ដើម្បីរួមគ្នាធ្វើឱ្យប្រសើរឡើងនូវកម្រិតនៃកិច្ចសហប្រតិបត្តិការបើកចំហនៅក្នុងកំណែទម្រង់៣.០ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន និងកសាងកិច្ចព្រមព្រៀងដែលប្រកបដោយបរិយាប័ន្ន ទំនើប គ្រប់ជ្រុងជ្រោយ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
កាលពីក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ប្រទេសចិន និងអាស៊ានបានរួមគ្នាប្រកាសការចាប់ផ្តើមកិច្ចចរចាមួយនេះជាផ្លូវការ។ ភាគីទាំងពីរបានឯកភាពថា កិច្ចចរចានឹងគ្របដណ្តប់ទៅលើវិស័យនានា ដែលរួមមានទាំងវិស័យពាណិជ្ជកម្មទំនិញ ការវិនិយោគ និងសេដ្ឋកិច្ចឌីជីថល និងបៃតង ដើម្បីកសាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន ដែលមានលក្ខណៈបរិយាប័ន្ន ទំនើប គ្រប់ជ្រុងជ្រោយ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា