រដ្ឋមន្ត្រីការបរទេសចិន ជួបជាមួយសមភាគីស្រីលង្កា

0

បរទេស៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក គីន ហ្គាង (Qin Gang) បានជួបប្រជុំជាមួយលោក អាលី សាប្រ៊ី (Ali Sabry) រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសស្រីលង្កា នៅទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ។

លោក គីន បាននិយាយថា ប្រទេសចិន និងស្រីលង្កាបានគោរព និងគាំទ្រគ្នាទៅវិញទៅមក ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ដោយធ្វើជាគំរូដ៏ល្អនៃការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រទេសដែលមានទំហំខុសៗគ្នា។ លោកបានអំពាវនាវឱ្យភាគីទាំងពីរអនុវត្តឱ្យបានពេញលេញនូវមតិឯកភាពសំខាន់ៗដែលមេដឹកនាំនៃប្រទេសទាំងពីរសម្រេចបាន បង្កើនការផ្លាស់ប្តូរកម្រិតកំពូល ការផ្លាស់ប្តូរវាងប្រជាជន និងប្រជាជន ព្រមទាំងជំរុញការកសាងរួមគ្នានៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់។

លោក គីន បាននិយាយបន្ថែមថា ប្រទេសចិននឹងបន្តផ្តល់ជំនួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសស្រីលង្កា និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើងតាមសមត្ថភាពរបស់ខ្លួន។

ដោយសាទរចំពោះប្រទេសចិនជាមិត្តដ៏អស្ចារ្យ និងជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍ លោក សាប្រ៊ី បាននិយាយថា ប្រទេសស្រីលង្កាផ្តល់តម្លៃដល់ជំនួយឥតការប្រាក់ដែលផ្តល់ឱ្យដោយរដ្ឋាភិបាល និងប្រជាជនចិនចំពោះឯករាជ្យជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ហើយអរគុណចំពោះប្រទេសចិនសម្រាប់ការគាំទ្រដ៏មានតម្លៃសម្រាប់ប្រទេសស្រីលង្កាក្នុងការដោះស្រាយបញ្ហាបំណុល និងជំនះការលំបាកជាបណ្តោះអាសន្ន។

ប្រទេសស្រីលង្កានឹងបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ធានាដល់ការកសាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសចិនក្នុងឱកាសពហុភាគី និងជំរុញការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងទ្វេភាគី។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលជាកង្វល់រួមផងដែរ។ លោក គីន បាននិយាយថា នៅចំពោះមុខស្ថានការណ៍ដ៏ស្មុគស្មាញ និងប្រែប្រួល ប្រទេសចិននឹងធ្វើការងារជាមួយប្រទេសដទៃទៀតដើម្បីការពារសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក ព្រមទាំងកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា