បរទេស៖ គណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងម៉ិកស៊ិកូ (ACMC) បានធ្វើពិធីបើកវេទិកាពាណិជ្ជកម្ម-វិនិយោគនៅប្រទេសម៉ិកស៊ិកូកាលពីថ្ងៃទី២២ ខែមិថុនា ដើម្បីជំរុញពាណិជ្ជកម្មរវាងប្លុក និងប្រទេសសេដ្ឋកិច្ចធំលំដាប់ទីពីរនៅតំបន់អាមេរិកឡាទីនមួយនេះ។
នៅក្នុងសុន្ទរកថារបស់លោក ចូសេ មីហ្គែល អេចាវ (José Miguel Echave) នាយកផ្នែកការទូតសេដ្ឋកិច្ចនៅក្រសួងការបរទេសម៉ិកស៊ិកូបាននិយាយថា វេទិកានេះជាឱកាសសម្រាប់អ្នកធ្វើគោលនយោបាយ និងធុរកិច្ចក្នុងតំបន់អាស៊ាន និងម៉ិកស៊ិកូ ដើម្បីស្វែងរកឱកាសសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសលើវិស័យថ្មីៗ ដូចជាវិស័យថាមពលកកើតឡើងវិញ និងសេដ្ឋកិច្ចឌីជីថលជាដើម។
លោក អេចាវ បានលើកឡើងអំពីសមិទ្ធិផលសង្គម-សេដ្ឋកិច្ច ដ៏លេចធ្លោរបស់អាស៊ានក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ដោយលោកបានចាត់ទុកថា ទាំងនេះគឺជាយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងបរិយាកាសនយោបាយប្រកបដោយស្ថិរភាព ក៏ដូចជាសាមគ្គីភាពក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន។
លោកបានសង្កត់ធ្ងន់ថា បណ្តាប្រទេសនៅអាស៊ានមួយចំនួន គឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់ម៉ិកស៊ិកូ។
ឯកអគ្គរដ្ឋទូតវៀតណាម លោក ង្វៀន ហួញណាម (Nguyen Hoanh Nam) បានរៀបរាប់សង្ខេបអំពីសមិទ្ធិផលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសវៀតណាមទៅលើដំណើរការសារជាថ្មីឡើងវិញក្នុងរយៈពេល ៣៦ឆ្នាំរបស់ខ្លួន ដោយលោកបាននិយាយថា ប្រទេសនេះបានកត់ត្រានូវសូចនាករសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍ ដោយទំហំនៃការនាំចេញនាំចូលសរុបមានដល់ទៅ ៧៣២ប៊ីលានដុល្លារអាម៉េរិក ហើយ GDP មានការកើនឡើង ៨,០២%។
លោកបានអំពាវនាវឱ្យធុរកិច្ចនៃប្រទេសទាំងពីរពង្រឹងការតភ្ជាប់ទំនាក់ទំនង និងទាញយកយ៉ាងពេញលេញនូវគុណសម្បត្តិដែលនាំមកដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាពិសេសកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា