បរទេស៖ លោក វីគូ អាឌីសាស្ម៊ីតូស (Wiku Adisasmitos) អ្នកនាំពាក្យសម្រាប់ក្រុមការងារជំងឺកូវីដ១៩ របស់ប្រទេសឥណ្ឌូណេស៊ីបានប្រកាសថា រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងបន្តរ៉ាប់រងការចំណាយទៅលើការចាក់វ៉ាក់សាំង និងការព្យាបាលជំងឺកូវីដ១៩។
សេចក្តីថ្លែងការណ៍នោះបានធ្វើឡើងនៅមួយថ្ងៃបន្ទាប់ពីប្រទេសឥណ្ឌូណេស៊ីបានប្រកាសបញ្ចប់ស្ថានភាពជំងឺរាតត្បាតកូវីដ១៩ បន្ទាប់ពីប្រជាជនឥណ្ឌូណេស៊ីភាគច្រើនបានបង្កើតអង្គបដិប្រាណប្រឆាំងនឹងវីរុសនេះ។
ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ៨៦,៨៧% នៃប្រជាជនគោលដៅដែលមានចំនួន ២៣៤,៦លាននាក់បានទទួលការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដូសដំបូង ហើយប្រមាណ ៧៤,៥៤% បានទទួលការចាក់ដូសទីពីរ។
លោក វីគូ បាននិយាយថា អត្រានៃការចាក់វ៉ាក់សាំងដូសទីបីមានចំនួន ៣៨,០១% ហើយប្រទេសឥណ្ឌូណេស៊ីនៅតែត្រូវការធ្វើការងារទៅលើបញ្ហានេះ។
ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តរបស់ប្រទេសឥណ្ឌូណេស៊ីក៏បានជំរុញឱ្យប្រជាជនថែរក្សាសុខភាពរបស់ពួកគេ ក៏ដូចជាអ្នកដែលនៅជុំវិញខ្លួន ដោយបានរំលឹកឡើងវិញនូវអនុសាសន៍របស់រដ្ឋាភិបាលក្នុងការពាក់ម៉ាស់ការពារប្រសិនបើពួកគេមានអារម្មណ៍មិនស្រួល ឬបង្កឱកាសនៃការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការក្អក ឬកណ្តាស់។
កាលពីថ្ងៃទី២១ ខែមិថុនា ក្រុមហ៊ុនធានារ៉ាប់រងសុខភាពរដ្ឋរបស់ឥណ្ឌូណេស៊ី BPJS Kesehatan បានប្រកាសថា ខ្លួននឹងបន្តបង់ថ្លៃព្យាបាលសម្រាប់អ្នកចូលរួមក្នុងការធានារ៉ាប់រងសុខភាពជាតិ (JKN) ដែលបានឆ្លងជំងឹកូវីដ១៩៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា