ឥណ្ឌូណេស៊ី​ចង់​ជំរុញ​ការ​នាំ​ចេញ ​ក្នុង​អំឡុង​ពេល​ធ្វើ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២៣

0

បរទេស៖ មន្រ្តីជាន់ខ្ពស់មួយរូបបាននិយាយថា ក្រសួងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូណេស៊ីកំពុងខិតខំបង្កើនប្រសិទ្ធភាពតួនាទីរបស់ប្រទេសនេះក្នុងនាមជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២៣ នេះ ដើម្បីបង្កើនបរិមាណនៃការនាំចេញជាតិទៅកាន់តំបន់ ជាពិសេសផលិតផលរបស់សហគ្រាសខ្នាតតូច និងមធ្យម (MSME)។

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក ជែរី សាំបួហ្កា (Jerry Sambuaga) បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីគួរតែទាញយកអត្ថប្រយោជន៍ពីតួនាទីជាប្រធានអាស៊ាន ដើម្បីប្រែក្លាយផលិតផលរបស់ MSME របស់ខ្លួនទៅជាផលិតផលល្អជាងនៅលើឆាកអន្តរជាតិ។

លោកបាននិយាយថា ផលិតផលសិប្បកម្ម អាហារសម្រន់ និងផលិតផលសម្លៀកបំពាក់ក្នុងស្រុកមានសក្តានុពលក្នុងការនាំចេញទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកបាននិយាយបន្ថែមថា ហ្គេមអនឡាញរបស់ឥណ្ឌូណេស៊ីក៏មានសក្តានុពលសេដ្ឋកិច្ចដ៏អស្ចារ្យ និងមានការរីកចម្រើនផងដែរ។

យោងតាមលោក សាំបួហ្កា បានឱ្យដឹងថា លោកប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) បានបញ្ជាឱ្យក្រសួងពាណិជ្ជកម្មខិតខំប្រឹងប្រែងដើម្បីធានាថា ផលិតផលនាំចេញរបស់ប្រទេសឥណ្ឌូណេស៊ី គឺជាផលិតផលកែច្នៃដែលមានគុណតម្លៃបន្ថែម។

តម្លៃនៃការនាំចេញរបស់ឥណ្ឌូណេស៊ីទៅកាន់បណ្តាប្រទេសនៅអាស៊ាន បានឈានដល់ ៣,៩៧ប៊ីលានដុល្លារអាម៉េរិកកាលពីក្នុងខែឧសភា ដោយកើនឡើង ២៦,០២% បើធៀបទៅនឹងខែមុន។ នេះបើយោងតាមស្ថិតិឥណ្ឌូណេស៊ី (BPS) ។

ការ​នាំ​ចេញ​របស់​ប្រទេសឥណ្ឌូណេស៊ី​ទៅ​កាន់​ដៃ​គូ​ពាណិជ្ជកម្ម​សំខាន់ៗ​មួយ​ចំនួន​ក្នុង​តំបន់ក៏​មាន​ការ​កើន​ឡើងដែរ។ ការនាំចេញរបស់ខ្លួនទៅកាន់ប្រទេសសិង្ហបុរីបានកើនឡើង ២៥,៧៨% ពីមួយខែទៅមួយខែដែលឈានដល់តម្លៃ ៦៨៨,៦លានដុល្លារអាម៉េរិក ខណៈដែលការនាំចេញទៅកាន់ប្រទេសម៉ាឡេស៊ីបានឈានដល់តម្លៃ ៩៥៨,១លានដុល្លារអាម៉េរិក ដោយកើនឡើង ១៩,២៣% បើធៀបនឹងខែមុន៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា