បរទេស៖ សមយុទ្ធកងទ័ពជើងទឹកពហុភាគីលើកទី៤ កូម៉ូដូ (MNEK) ក្រោមប្រធានបទ «ភាពជាដៃគូដើម្បីស្តារ និងបង្កើនភាពរឹងមាំ» បានធ្វើពិធីបើកកាលពីថ្ងៃទី៥ ខែមិថុនា នៅទីក្រុងកំពង់ផែម៉ាកាសារនៅលើកោះស៊ូឡាវេស៊ីខាងកើតរបស់ប្រទេសឥណ្ឌូណេស៊ី។
ឧត្តមនាវីឯក យូដូ ម៉ាហ្គោណូ (Yudo Margono) មេបញ្ជាការកងកម្លាំងការពារជាតិឥណ្ឌូណេស៊ីបាននិយាយថា ព្រឹត្តិការណ៍នេះ គឺជាសមយុទ្ធមិនមែនសង្គ្រាមដែលផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការដែនសមុទ្រក្នុងតំបន់ និងការគ្រប់គ្រងគ្រោះមហន្តរាយ។
ឧត្តមនាវីឯក មូហាំម៉ាដ អាលី (Muhammad Ali) មេបញ្ជាការកងទ័ពជើងទឹកឥណ្ឌូណេស៊ី បាននិយាយថា សមយុទ្ធមិត្តភាពនេះមានគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍រវាងប្រទេសនានា។
ប្រទេសសរុបចំនួន៣៦ កំពុងចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលរួមមានទាំងសហរដ្ឋអាមេរិក អូស្ត្រាលី ប្រេស៊ីល ប្រ៊ុយណេ ចក្រភពអង់គ្លេស និងវៀតណាម។
ដោយមានរយៈពេលរហូតដល់ថ្ងៃទី៨ ខែមិថុនា សមយុទ្ធនេះមានសកម្មភាពជាបន្តបន្ទាប់ រួមទាំងការត្រួតពិនិត្យកងនាវាអន្តរជាតិ សន្និសីទសន្តិសុខដែនសមុទ្រអន្តរជាតិ ការផ្លាស់ប្តូរវប្បធម៌ និងកីឡា និងកិច្ចប្រជុំទ្វេភាគីនានា៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា