ទិន្នផល​ស្រូវ​របស់​ប្រទេស​ថៃ​អាច​នឹង​ធ្លាក់​ចុះ ​៦%​ ដោយ​សារបាតុភូតអ៊ែលនីណូ

0

បរទេស៖ ការព្យាកររបស់មជ្ឈមណ្ឌលស្រាវជ្រាវកសិករ (KRC) បាននិយាយថា ទិន្នផលស្រូវរបស់ប្រទេសថៃនៅក្នុងឆ្នាំនេះអាចធ្លាក់ចុះ ៦% មកនៅត្រឹមពី ២៥,១ ទៅ ២៥,៦លានតោន ដោយសារផលប៉ះពាល់នៃបាតុភូតអាកាសធាតុអ៊ែលនីណូ (El Nino)។

មជ្ឈមណ្ឌល KRC បានព្យាករថា ផលិតកម្មស្រូវសរុបរបស់ប្រទេសថៃនៅក្នុងឆ្នាំនេះនឹងមានចន្លោះពី ៣២,៧ ទៅ ៣៣,២លានតោន រួមទាំងប្រហែល ៧,៦លានតោនពីការដាំលើកទីពីរ ដែលនឹងមានគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងសម្រាប់ការនាំចេញ។

ទោះជាយ៉ាងនេះក្តី ទិន្នផលស្រូវដែលរំពឹងទុកអាចនឹងធ្លាក់ចុះច្រើន ប្រសិនបើគ្រោះរាំងស្ងួតបន្តអូសបន្លាយ និងបណ្តាលឱ្យខូចខាតដល់ដំណាំស្រូវកាន់តែច្រើន។

មជ្ឈមណ្ឌលបាននិយាយថា ប្រសិនបើបាតុភូតអ៊ែលនីណូនៅក្នុងឆ្នាំនេះអូសបន្លាយយូរទៀត វានឹងធ្វើឱ្យកម្រិតទឹកធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងអាងស្តុកទឹកជាច្រើន ដែលប៉ះពាល់ដល់ការដាំដុះដំណាំចម្បង និងការដាំលើកទីពីរនៅឆ្នាំក្រោយ។

មជ្ឈមណ្ឌល KRC បានអំពាវនាវឱ្យភ្នាក់ងារពាក់ព័ន្ធទាំងអស់កែតម្រូវផែនការគ្រប់គ្រងទឹករបស់ពួកគេជាបន្ទាន់ ដើម្បីធានាថាមានទឹកគ្រប់គ្រាន់សម្រាប់ការដាំដុះ និងគោលបំណងផ្សេងៗទៀត។

ជាមួយគ្នានេះដែរ នាយកដ្ឋានធារាសាស្ត្រនៃប្រទេសថៃកំពុងជំរុញឱ្យកសិករនៅតំបន់អាងទន្លេចៅប្រាយ៉ាផ្អាកការដាំដុះដំណាំស្រូវលើកទីពីរ។

ដោយសារតម្លៃនាំចេញដ៏គួរឱ្យទាក់ទាញ និងតម្រូវការពិភពលោកសម្រាប់អង្ករថៃ កសិករជាច្រើននៅតែចង់ដាំដំណាំស្រូវលើកទីពីររបស់ពួកគេ បើទោះបីជាមានហានិភ័យនៃការខ្វះខាតទឹកក៏ដោយ។ នេះបើយោងតាមមជ្ឈមណ្ឌល KRC៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា