បរទេស៖ អត្រាអតិផរណាពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងប្រទេសឡាវបានធ្លាក់ចុះបន្តិចមកនៅត្រឹម ៣៨,៨៦% នៅក្នុងខែឧសភា ពី ៣៩,៨៩% កាលពីក្នុងខែមេសា។ នេះបើយោងតាមការិយាល័យស្ថិតិឡាវបានចេញផ្សាយ។
បើទោះបីជាសន្ទស្សន៍អតិផរណារបស់ប្រទេសឡាវបានធ្លាក់ចុះរយៈពេល ៤ខែជាប់ៗគ្នាក៏ដោយ តែវានៅតែជាកម្រិតអតិផរណាខ្ពស់ដែលបណ្តាលឱ្យប្រាក់ចំណូលរបស់គ្រួសារប្រជាជនធ្លាក់ចុះដែលប៉ះពាល់ដល់ការប្រើប្រាស់ និងការវិនិយោគ។
ការបន្តធ្លាក់ថ្លៃនៃប្រាក់គីបឡាវ (LAK) បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញអតិផរណា ព្រោះប្រហែលមួយភាគបីនៃទំនិញរួមបញ្ចូលក្នុងការគណនាតម្លៃជាទំនិញនាំចូល។
កាសែត Vientiane Times បានរាយការណ៍ថា តម្លៃអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុលបានកើនឡើង ៥២,៦៩% នៅក្នុងខែឧសភា ខណៈដែលតម្លៃឱសថ និងការថែទាំវេជ្ជសាស្រ្តបានកើនឡើង ៤០,៧៨%។
សេវាកម្មសណ្ឋាគារ និងភោជនីយដ្ឋានបានកើនឡើង ៣៧,៤% ជាមួយនឹងតម្លៃផ្ទះ ទឹក អគ្គិសនី និងហ្គាសចម្អិនអាហារក៏កើនឡើងផងដែរ។
ដើម្បីដោះស្រាយជាមួយនឹងអតិផរណាខ្ពស់ កាលពីថ្ងៃទី១ ខែមិថុនា ធនាគារនៃប្រទេសឡាវបានបង្កើតនាយកដ្ឋានថ្មីមួយ ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យលំហូររូបិយប័ណ្ណបរទេស និងលើកកម្ពស់ការប្រើប្រាស់ប្រាក់គីបឱ្យកាន់តែទូលំទូលាយ។
ទន្ទឹមនឹងនេះដែរ អ្នកសេដ្ឋកិច្ចរបស់ប្រទេសនេះនៅតែមានសុទិដ្ឋិនិយមចំពោះការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ដោយបានព្យាករថា ប្រទេសឡាវនៅតែអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ច ៤,៥% នៅក្នុងឆ្នាំនេះ។
បើទោះបីជាអ្នកសង្កេតការណ៍អន្តរជាតិយល់ស្របថាប្រទេសឡាវអាចវិលត្រឡប់ទៅរកកំណើនក្នុងដំណាក់កាលមួយក៏ដោយ ក៏ IMF និងធនាគារពិភពលោកទាំងពីរបានព្រមានថា ទំហំនៃបំណុលសាធារណៈ និងខាងក្រៅរបស់ប្រទេសឡាវបង្កហានិភ័យយ៉ាងខ្លាំងចំពោះទស្សនវិស័យនេះ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា