បរទេស៖ សេចក្តីសម្រេចមួយកាលពីពេលថ្មីៗនេះរបស់គណៈរដ្ឋមន្ត្រីថៃក្នុងការបន្តកិច្ចសន្យាការងារសម្រាប់ពលករចំណាកស្រុកជាង ២០០.០០០នាក់បានបន្ធូរបន្ថយការព្រួយបារម្ភអំពីកង្វះកម្លាំងពលកម្មក្នុងស្រុក។
លោក ប៉ូច អារ៉ាមវឌ្ឍនានុន្ត (Poj Aramwattananont) អនុប្រធានសភាពាណិជ្ជកម្មថៃ និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍការងារ និងជំនាញបាននិយាយថា ដោយផ្អែកទៅលើកិច្ចពិភាក្សាដែលបានធ្វើឡើងជាមួយសភា និងសហព័ន្ធឧស្សាហកម្មថៃ (FTI) គណៈរដ្ឋមន្ត្រីថៃបានអនុម័តទៅលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ស្តីពីពលករបរទេសមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា; ព្រមទាំងកិច្ចព្រមព្រៀងស្តីពីពលករបរទេសមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។
ការអនុម័តនេះ គឺផ្អែកទៅលើដំណោះស្រាយមួយរបស់គណៈរដ្ឋមន្ត្រីចាប់ពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ និងមួយទៀតចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។
យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក អានុចា ប៊ូរ៉ាប៉ាចៃស្រ៊ី (Anucha Burapachaisri) បានឱ្យដឹងថា ការអនុវត្តនេះ គឺមានបំណងពង្រឹងសន្តិសុខសេដ្ឋកិច្ច។ ការបន្ថែមនេះអនុវត្តចំពោះពលករចំណាកស្រុកដែលបានទៅប្រទេសថៃក្រោម MoU ទាក់ទងនឹងការងារដែលចុះហត្ថលេខាដោយរដ្ឋាភិបាល។ ទោះជាយ៉ាងណាក៏ដោយ លោក អានុចា បាននិយាយថា គណៈរដ្ឋមន្ត្រីបានផ្លាស់ប្តូរគំនិតរបស់ខ្លួន ហើយបានអនុម័តលើការបន្តកិច្ចសន្យានាពេលនេះ ខណៈដែលភាពមិនប្រាកដប្រជានៃការបង្កើតរដ្ឋាភិបាលកំពុងគំរាមកំហែងដល់ការបន្សល់ទុកនូវចន្លោះទំនេរដ៏ធំមួយ។
គណៈរដ្ឋមន្ត្រីពីមុនបានច្រានចោលសំណើរបស់ក្រសួងសម្រាប់ការពន្យារពេលកិច្ចសន្យានេះ ដោយបារម្ភថាវានឹងបង្កើតបន្ទុកនៃការទទួលខុសត្រូវដល់រដ្ឋាភិបាលថ្មី។
បើតាមឧបនាយករដ្ឋមន្ត្រីថៃ លោក វីស្សានុ គ្រាង៉ាម (Wissanu Krea-ngam) បានឱ្យដឹងថា បើគ្មានការពន្យាពេលកិច្ចសន្យានេះទេ ពលករចំណាកស្រុកត្រូវត្រឡប់ទៅផ្ទះវិញ ហើយរង់ចាំរហូតដល់មានរដ្ឋាភិបាលថ្មីចូលកាន់អំណាចទើបពួកគេអាចត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញបាន៕