ឪពុករបស់ Lionel Messi លោក Jorge Messi បានបញ្ចេញអោយដឹងកាលពីថ្ងៃចន្ទថា កូនប្រុសរបស់គាត់ចង់ត្រលប់ទៅ Barcelona វិញនៅរដូវក្តៅនេះ។
ប្រធានក្រុមអាហ្សង់ទីន កំពុងពិចារណាលើការផ្តល់ជូនរបស់ក្លឹបយក្សអេស្បាញ បន្ទាប់ពីចាកចេញពី Paris Saint-Germain ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ក្រោយបានចំណាយពេលពីររដូវកាលជាមួយក្រុមម្ចាស់ជើងឯកបារាំង។
Barca រំពឹងថានឹងទទួលបានការយល់ព្រមពី LaLiga នៅសប្តាហ៍នេះ ទាក់ទងនឹងផែនការហិរញ្ញវត្ថុរបស់ពួកគេ ដើម្បីចាប់ផ្តើមទីផ្សារផ្ទេរកីឡាកររបស់ពួកគេ ដែលនឹងរួមបញ្ចូលទាំងការចុះហត្ថលេខាលើកីឡាករ Messi ។
បើយោងតាមការចុះផ្សាយរបស់ ESPN បានសាកសួរទៅកាន់លោក Jorge Messi ថាតើលោកបានជួបជាមួយលោក Laporta ពិភាក្សាអំពីការវិលត្រលប់របស់ Messi មែនទេ? តើ Messi មកវិញឬអត់? លោកបានឆ្លើយតបថា៖ «ពួកយើងបាននិយាយកាលពីថ្ងៃមុន ប៉ុន្តែមិនទាន់មានអ្វីច្បាស់លាស់នោះទេ»។
គ្រូបង្វឹក Barca លោក Xavi Hernandez បាននិយាយថា៖ Messi នឹងធ្វើការសម្រេចចិត្តទាក់ទងនឹងក្លឹបអនាគតរបស់គាត់នៅសប្តាហ៍នេះ ហើយគាត់បានបន្ថែមថា កីឡាដ្ឋាន Camp Nou បើកទ្វារសម្រាប់ទទួលស្វាគមន៍ការត្រឡប់មកវិញរបស់គាត់៕