អវកាសយានិក​ចិន​ត្រឡប់​មក​ផែនដី​វិញ​ ជាមួយ​លទ្ធផល​ពិសោធន៍​ប្រកបដោយ​ផ្លែផ្កា

0

បរទេស៖ អវកាសយានិកចិនបីនាក់នៅលើយានអវកាសសេនហ្ស៊ូ១៥ (Shenzhou-15) បានវិលត្រឡប់មកផែនដីវិញដោយសុវត្ថិភាពកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានបញ្ចប់បេសកកម្មស្ថានីយអវកាសរយៈពេលប្រាំមួយខែរបស់ពួកគេ។

យានអវកាសសេនហ្ស៊ូ១៥ ដែលដឹកអវកាសយានិក ហ្វ៊ៃ ជុនឡុង (Fei Junlong) លោក ដេង គីងមីង ( Deng Qingming) និងលោក ហ្សាង លូ (Zhang Lu) បានចុះទៅដល់កន្លែងចុះចតដុងហ្វេង (Dongfeng) ក្នុងតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុងនៃភាគខាងជើងប្រទេសចិន នៅវេលាម៉ោង ៦:៣៣នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង)។ នេះបើយោងតាមទីភ្នាក់ងារអវកាសចិន Manned Space Agency (CMSA)។

លោក ហ្វ៊ៃ មេបញ្ជាការបេសកកម្មដែលបានចូលរួមក្នុងបេសកកម្មអវកាសលើកទីពីររបស់ប្រទេសសេនហ្ស៊ូ៦ (Shenzhou-6) កាលពីខែតុលា ឆ្នាំ២០០៥ បាននិយាយថា យើងបានបំពេញកិច្ចការដែលបានគ្រោងទុកទាំងអស់ ហើយមានអារម្មណ៍ល្អបន្ទាប់ពីវិលត្រឡប់ទៅកាន់មាតុភូមិវិញ។

លោក ដេង ដែលទីបំផុតទទួលបានឱកាសហោះហើរទៅកាន់ទីអវកាសបន្ទាប់ពីរៀបចំអស់រយៈពេល ២៥ឆ្នាំនោះបាននិយាយថា លោកពិតជាអរគុណចំពោះការគាំទ្រ និងការលើកទឹកចិត្តពីប្រជាជនទូទាំងប្រទេស។

គិតត្រឹមថ្ងៃទី២៩ ខែឧសភា ពួកគេបានធ្វើសកម្មភាពស្រាវជ្រាវផ្នែកវិស្វកម្មកត្តាមនុស្សចំនួន៨ ការពិសោធន៍វេជ្ជសាស្ត្រអវកាសចំនួន២៨ និងការពិសោធន៍វិទ្យាសាស្ត្រអវកាសចំនួន៣៨ ដែលគ្របដណ្តប់ទៅលើបរិស្ថានវិទ្យាជីវិត វិទ្យាសាស្រ្តសម្ភារៈ និងមេកានិចរាវ ហើយទទួលបានទិន្នន័យពិសោធន៍ដ៏មានតម្លៃ។

យោងតាម CMSA បានឱ្យដឹងថា អាកាសយានិកក៏បានផ្លាស់ប្តូរកន្លែងដឹកទំនិញចេញក្រៅជាច្រើនដង និងបានដំឡើងរបស់របរជាច្រើន រួមទាំងឧបករណ៍បូមទឹកដែលត្រូវពង្រីកបន្ថែម ខ្សែឆ្លងកាត់ម៉ូឌុល និងឧបករណ៍ជំនួយសម្រាប់វេទិកាផ្ទុកលើសទម្ងន់ ដោយដាក់មូលដ្ឋានគ្រឹះសម្រាប់អនុវត្តការពិសោធន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទ្រង់ទ្រាយធំជាបន្តបន្ទាប់នៅខាងក្រៅ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា