បរទេស៖ អាស៊ានបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមរយៈកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACAFTA) ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកដែលកំពុងបន្ត។
យោងតាមលោកស្រី នែលឡា ស្រ៊ី ហ៊ែនឌ្រីយ៉េតទី (Nella Sri Hendriyetty) ប្រធានមជ្ឈមណ្ឌលសម្រាប់គោលនយោបាយតំបន់ទ្វេភាគីនៃទីភ្នាក់ងារគោលនយោបាយសារពើពន្ធរបស់ក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី (BKF) បានឱ្យដឹងថា កិច្ចចរចានេះមានសារៈសំខាន់ណាស់សម្រាប់ប្រទេសឥណ្ឌូណេស៊ីក្នុងការពង្រីកការចូលទៅកាន់ទីផ្សារសម្រាប់ទាំងទំនិញ និងសេវាកម្ម។
នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំពេញអង្គរបស់ក្រុមការងាររងនៃ ACAFTA ស្តីពីសេវាកម្មហិរញ្ញវត្ថុ ដែលបានធ្វើឡើងនៅក្នុងខេត្តបាន់ទែនចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែឧសភា លោកស្រី នែលឡា បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងនេះក៏អាចបង្កើនការប្រកួតប្រជែង និងជួយដល់ប្រទេសឥណ្ឌូណេស៊ីក្នុងការចូលទៅក្នុងខ្សែសង្វាក់តម្លៃសកលលោក និងក្នុងតំបន់ផងដែរ។
ដោយមានវត្តមានរបស់អ្នកតំណាងមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងកាណាដា កិច្ចប្រជុំនោះគឺជាផ្នែកសំខាន់មួយនៃដំណើរការកិច្ចចរចា ACAFTA ដែលមានគោលបំណងជំរុញកំណើនសេដ្ឋកិច្ច បង្កើនការវិនិយោគ និងធ្វើឱ្យប្រសើរនូវលទ្ធភាពទទួលបានទីផ្សារសម្រាប់បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងកាណាដា។
នៅក្នុងកិច្ចប្រជុំនោះ បណ្តាមន្ត្រីមកពីស្ថាប័នទទួលបន្ទុកសេវាហិរញ្ញវត្ថុនៃប្រទេសនៅអាស៊ាន និងកាណាដា បានពិភាក្សាគ្នាអំពីការផ្តល់សេវាហិរញ្ញវត្ថុផ្សេងៗ ដែលរំពឹងថានឹងជួយបង្កើនពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយយុត្តិធម៌សម្រាប់គ្រប់ភាគីក្នុងវិស័យនេះ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា