សិង្ហបុរីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអ៊ូសបេគីស្ថាន និងកាហ្សាក់ស្ថាន

0

បរទេស៖ ប្រទេសសិង្ហបុរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួនជាមួយប្រទេសអ៊ូសបេគីស្ថាន និងកាហ្សាក់ស្ថាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីសិង្ហបុរី លោកស្រី ហាលីម៉ាហ៍ យ៉ាកូប (Halimah Yacob) ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីកណ្តាលទាំងពីរនេះ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសកាហ្សាក់ស្ថានចាប់ពីថ្ងៃទី២១-២៣ ខែឧសភា លោកស្រី យ៉ាកូប និងសមភាគីកាហ្សាក់ស្ថាន លោក កាស់ស៊ីម-ចូម៉ាត តូកាយ៉េវ (Kassym-Jomart Tokayev) បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្ម និងការវិនិយោគ និងកិច្ចព្រមព្រៀងចំនួនបីផ្សេងទៀតស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលក្នុងរដ្ឋបាលសាធារណៈ ការអភិវឌ្ឍទីក្រុង និងកិច្ចចរចាពាណិជ្ជកម្ម។

នៅក្នុងកិច្ចពិភាក្សារបស់ពួកគេ ភាគីទាំងពីរបានស្វាគមន៍ចំពោះការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ខ្ពស់ជាប្រចាំ ហើយបានឯកភាពថា ប្រទេសទាំងពីរមានឱកាសពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងវិស័យពាណិជ្ជកម្ម និងការវិនិយោគ ថាមពល ភស្តុភារ និងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់។

ទន្ទឹមនឹងនេះដែរ លោកស្រី យ៉ាកូប និងប្រធានាធិបតីអ៊ូសបេគីស្ថាន លោក ស្សាវកាត មៀហ្ស៊ីយ៉ូយ៉េវ (Shavkat Mirziyoyev) ក៏បានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការចែករំលែកបទពិសោធន៍ក្នុងទីផ្សារផលិតផលទេសចរណ៍ នៅក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចរបស់មេដឹកនាំសិង្ហបុរីរូបនេះទៅកាន់ប្រទេសអ៊ូសបេគីស្ថានចាប់ពីថ្ងៃទី២៣-២៥ ខែឧសភាផងដែរ។

ភាគីទាំងពីរក៏បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងចំនួនបីផ្សេងទៀតផងដែរ ស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ និងកិច្ចព្រមព្រៀងកិច្ចការពារ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។

នៅក្នុងកិច្ចពិភាក្សានោះ ពួកគេបានពិភាក្សាគ្នាយ៉ាងទូលំទូលាយទៅលើវិស័យនៃកិច្ចសហប្រតិបត្តិការមួយចំនួន រួមទាំងវិស័យពាណិជ្ជកម្ម និងការវិនិយោគ ការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ និងការអប់រំ។

ដំណើរ​ទស្សនកិច្ច​របស់លោកស្រី យ៉ាកូប គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​ប្រធានាធិបតី​សិង្ហបុរី​ទៅកាន់​ប្រទេស​កាហ្សាក់ស្ថាន និង​អ៊ូសបេគីស្ថាន។ កាលពីខែមករា ឆ្នាំ២០២៣ ប្រធានាធិបតីអ៊ូសបេគីស្ថាន លោក ស្សាវកាត មៀហ្ស៊ីយ៉ូយ៉េវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសសិង្ហបុរី ហើយភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈចំនួន១០ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន ពាណិជ្ជកម្ម ការអប់រំ និងការថែទាំសុខភាព៕

ប្រភព៖​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា