​ម៉ាឡេស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗនៅក្នុងព្រឹត្តិការណ៍ LIMA ឆ្នាំ២០២៣

0

បរទេស៖ ក្រសួងការពារជាតិម៉ាឡេស៊ីបានប្រកាសកាលពីថ្ងៃទី២៦ ខែឧសភាថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៤៣ ដែលមានតម្លៃ ១០,១ប៊ីលានរីងហ្គីត (២,២ប៊ីលានដុល្លារអាម៉េរិក) ជាមួយបណ្តាប្រទេសជាដៃគូនៅក្នុងអំឡុងពេលព្រឹត្តិការណ៍ពិព័រណ៍សមុទ្រ និងអវកាសអន្តរជាតិឡាំងកាវីលើកទី១៦ (LIMA) នៅក្នុងឆ្នាំនេះ។

ក្រសួងនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងទាំងនោះរួមមានការទិញយន្តហោះវាយប្រហារធុនស្រាលប្រភេទ FA-50 ចំនួន ១៨គ្រឿងពីក្រុមហ៊ុនឧស្សាហកម្មលំហអាកាសកូរ៉េ (KAI) និងឧទ្ធម្ភាគចក្រស្ទាំងខ្មៅចំនួន ៤គ្រឿងរបស់ក្រុមហ៊ុនស៊ីកូស្កាយ (Sikorsky) ដែលត្រូវបានជួលពីក្រុមហ៊ុនសេវាកម្ម និងការពារជាតិអ៊ែររ៉ូទ្រីរបស់ម៉ាឡេស៊ី។

ក្រុមហ៊ុន KAI ដែលជាក្រុមហ៊ុនផលិតយន្តហោះចម្បាំងតែមួយគត់របស់កូរ៉េខាងត្បូងបានឈ្នះចំពោះការដេញថ្លៃដើម្បីផ្គត់ផ្គង់យន្តហោះប្រភេទនេះទៅកាន់ប្រទេសម៉ាឡេស៊ីក្នុងតម្លៃប្រមាណ ៩២០លានដុល្លារអាម៉េរិក។

ការ​ទិញ​យក​នេះ​កើត​ឡើងក្នុង​ខណៈ​ដែលប្រទេស​ម៉ាឡេស៊ី​កំពុងសម្លឹង​រកមើល​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង ឬ​ជំនួស​ទ្រព្យ​សកម្ម​យោធា​ចាស់ៗ​មួយ​ចំនួន។ រដ្ឋាភិបាលបានបម្រុងថវិកាចំនួន ១៧,៧ប៊ីលានរីងហ្គីតសម្រាប់ក្រសួងការពារជាតិក្រោមថវិកាក្នុងឆ្នាំនេះ ដែលកើនឡើង ១០% ពីការផ្តល់មូលនិធិរបស់ខ្លួនកាលពីក្នុងឆ្នាំ២០២២។

ក្រសួងនោះបាននិយាយបន្ថែមថា កងទ័ពអាកាសម៉ាឡេស៊ីក៏នឹងទិញប្រព័ន្ធអាកាសគ្មានមនុស្សបើកចំនួន៣ ពីក្រុមហ៊ុនលំហអាកាសរបស់តួកគី និងយន្តហោះល្បាតដែនសមុទ្រពីរគ្រឿងពីក្រុមហ៊ុនឡេអូណាដូរបស់អ៊ីតាលីដែរ៕

ប្រភព៖​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា