បរទេស៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអាស៊ាន លោក យ៉ូហានណេស អាប្រាហាំ (Yohannes Abraham) បាននិយាយថា សហរដ្ឋអាមេរិកគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការរក្សាសណ្តាប់ធ្នាប់ដែលផ្អែកទៅលើច្បាប់អន្តរជាតិនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអាន់តារ៉ាកាលពីថ្ងៃទី២៦ ខែឧសភា នៅទីក្រុងហ្សាការតា ឯកអគ្គរដ្ឋទូតរូបនោះបានបញ្ជាក់ថា ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងអាស៊ាន ដែលបានដំណើរការអស់រយៈពេល ៤៥ឆ្នាំមកហើយ ដោយផ្អែកទៅលើតម្លៃ និងគោលការណ៍រួម ដូចជាប្រព័ន្ធច្បាប់អន្តរជាតិ កិច្ចព្រមព្រៀង និងបទប្បញ្ញត្តិ ក៏ដូចជាកិច្ចការពារសិទ្ធិអធិបតេយ្យភាពរបស់ប្រជាជាតិនានាជាដើម។
លោកបាននិយាយថា «យើងអរគុណដែលបានធ្វើការងារជាមួយអាស៊ានដើម្បីលើកកម្ពស់ ការពារ និងពង្រឹងប្រព័ន្ធច្បាប់ កិច្ចព្រមព្រៀង និងគោលការណ៍អន្តរជាតិដែលមានមូលដ្ឋានផ្អែកលើច្បាប់»។
អាស៊ានបានបង្កើតទំនាក់ទំនង កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយបណ្តាប្រទេស និងអនុតំបន់ អង្គការ និងស្ថាប័នអន្តរជាតិ។ សហរដ្ឋអាមេរិកបានចាប់ផ្តើមចូលរួមក្នុងតំបន់អាស៊ានក្នុងនាមជាដៃគូសន្ទនានៅក្នុងឆ្នាំ១៩៧៧។
លោក អាប្រាហាំ បាននិយាយថា អាស៊ីអាគ្នេយ៍ គឺជាតំបន់ដ៏សំខាន់ និងមានថាមវន្ត។ វាមានតួនាទីស្នូលក្នុងការគាំទ្រដល់ស្ថិរភាពរបស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ដូច្នេះហើយ លោកបាននិយាយបន្ថែមថា សហរដ្ឋអាមេរិកនឹងសហការជាមួយអាស៊ាន និងតាមរយៈអាស៊ានជានិច្ច ដើម្បីបង្កើតតំបន់មួយប្រកបដោយសន្តិភាព វិបុលភាព និងស្ថិរភាព។
លោកបាននិយាយថា «វាជាផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិកក្នុងការមើលឃើញអាស៊ានរីកចម្រើន ឃើញភាពឯករាជ្យ និងភាពធន់ ហើយយើងចង់ធ្វើការងារជាមួយអាស៊ានដើម្បីផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា»៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា