បរទេស៖ រដ្ឋមន្ត្រីក្រសួងវិនិយោគរបស់ប្រទេសឥណ្ឌូណេស៊ី លោក បាហ៊ីល ឡាហាដាលៀ (Bahlil Lahadalia) និងរដ្ឋមន្ត្រីក្រសួងធុរកិច្ច និងពាណិជ្ជកម្មនៃចក្រភពអង់គ្លេស លោកស្រី នុសរេត ហ្កានី (Nusrat Ghani) បានពិភាក្សាគ្នាអំពីឱកាសវិនិយោគក្នុងវិស័យរ៉ែដ៏សំខាន់ និងការអភិវឌ្ឍអាគុយយានយន្តអគ្គិសនី។
រដ្ឋមន្ត្រីទាំងក៏បានពិភាក្សាគ្នាផងដែរអំពីការវិនិយោគថាមពលកកើតឡើងវិញក្នុងកិច្ចប្រជុំមួយកាលពីនៅថ្ងៃទី២៤ ខែឧសភា។
លោក បាហ៊ីល បាននិយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ីមានបំណងចង់គូសបញ្ជាក់ថា កិច្ចពិភាក្សានេះត្រូវបានអនុវត្តតាមរយៈគោលការណ៍បៃតង ដើម្បីសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធ (NZE)។ លោកក៏បានផ្តល់ជូននូវការផ្សំបច្ចេកវិទ្យាពីចក្រភពអង់គ្លេសជាមួយនឹងវត្ថុធាតុដើមពីប្រទេសឥណ្ឌូណេស៊ីផងដែរ។
សម្រាប់ភាគីចក្រភពអង់គ្លេស លោក ហ្កានី បានគាំទ្រចំពោះគំនិតរបស់លោក បាហ៊ីល ហើយបានបង្ហាញពីការត្រៀមខ្លួនរបស់លោកស្រីក្នុងការតភ្ជាប់ទំនាក់ទំនងរវាងបណ្តាក្រុមហ៊ុនរបស់ចក្រភពអង់គ្លេសដើម្បីជួយដល់ប្រទេសឥណ្ឌូណេស៊ី។
លោកស្រី ហ្កានី ដែលជារដ្ឋមន្ត្រីសន្តិសុខវិនិយោគ និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសន្តិសុខសេដ្ឋកិច្ចផងដែរនោះបាននិយាយថា រដ្ឋាភិបាលចក្រភពអង់គ្លេសព្យាយាមធ្វើពិពិធកម្មវត្ថុធាតុដើមសម្រាប់ធនធានរ៉ែសំខាន់ៗ ជាពិសេសសម្ភារៈប្រើប្រាស់សម្រាប់បន្ទះស្រូបពន្លឺព្រះអាទិត្យ និងការអភិវឌ្ឍអាគុយយានយន្តអគ្គិសនី។
រដ្ឋាភិបាលឥណ្ឌូណេស៊ី និងចក្រភពអង់គ្លេសបានព្រមព្រៀងគ្នាដើម្បីពិភាក្សាបន្ថែមទៀតអំពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីសម្រាប់ការអភិវឌ្ឍថាមពលកកើតឡើងវិញ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) និងគោលដៅ NZE របស់ប្រទេសឥណ្ឌូណេស៊ី៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា