បរទេស៖ សាកលវិទ្យាល័យជូឡាឡុងកនរបស់ប្រទេសថៃ និងក្រុមហ៊ុន Revomed Thailand Limited កំពុងសហការគ្នាទៅលើការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យសុខភាព និងសម្រស់។ កាលពីពេលថ្មីៗនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងភាពជាដៃគូរបស់ពួកគេក្នុងការអភិវឌ្ឍអាហារបំប៉ន និងគ្រឿងសម្អាង ដោយប្រើជំនាញពីមហាវិទ្យាល័យវិទ្យាសាស្ត្រឱសថនៃសាកលវិទ្យាល័យជូឡាឡុងកន។
MoU នោះត្រូវបានចុះហត្ថលេខាដោយលោកសាស្រ្តាចារ្យ បណ្ឌិត អូ-អាបផុន (Bundhit Eua-arpporn) ប្រធានសាកលវិទ្យាល័យជូឡាឡុងកន និងលោក វ៉ាសាណា អ៊ីនថាសាង (Wassana Inthasang) នាយកប្រតិបត្តិនៃក្រុមហ៊ុន Revomed Thailand ។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើជាសាក្សីដោយលោកសាស្រ្តាចារ្យ ប៉ូណាណុង អារ៉ាំវីត (Pornanong Aramwit) ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវិទ្យាសាស្រ្តឱសថ និងលោក ស៊ីរីពង្ស ស៊ីសៃប្រៃ (Siripong Seesaiprai) នាយកគ្រប់គ្រងនៃក្រុមហ៊ុន Revomend Thailand ។
កិច្ចសហការនេះត្រូវបានកំណត់រយៈពេលមួយឆ្នាំ និងគ្របដណ្តប់ទៅលើផ្នែកជាច្រើន ដែលរួមមានទាំងការស្រាវជ្រាវ និងការអភិវឌ្ឍ ការអភិវឌ្ឍធនធានមនុស្សតាមរយៈដំណើរការស្រាវជ្រាវ ការបណ្តុះបណ្តាល និងបទពិសោធន៍ការងារ។ ភាពជាដៃគូនេះក៏មានគោលបំណងផ្តល់អត្ថប្រយោជន៍ដល់ភាគីពាក់ព័ន្ធទាំងអស់ដែលពាក់ព័ន្ធនឹងអាជីវកម្មសុខភាព និងសម្រស់ផងដែរ។
មហាវិទ្យាល័យវិទ្យាសាស្ត្រឱសថនៅសាកលវិទ្យាល័យជូឡាឡុងកន មានកំណត់ត្រានៃការផ្ទេរបច្ចេកវិទ្យាទៅកាន់ក្រុមហ៊ុន Revomed Thailand ។ គួរកត់សម្គាល់ថា ពួកគេបានចែករំលែកជំនាញទៅលើប្រព័ន្ធចែកចាយឱសថប្រកបដោយប្រសិទ្ធភាព និងការទាញយកសារធាតុអង់តូស៊ីយ៉ានីនសម្រាប់ការអភិវឌ្ឍផលិតផលអាហារបំប៉ន និងឧស្សាហកម្មគ្រឿងសម្អាង។ ការអនុវត្តនេះបានជួយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សាកលវិទ្យាល័យក្នុងការជំរុញការបង្កើតថ្មី និងរួមចំណែកដល់ការរីកចម្រើនក្នុងវិស័យសុខភាព និងសម្រស់៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា