​ទីក្រុងមីនស្ក៍ និងទីក្រុងមូស្គូ ចុះហត្ថលេខាលើឯកសារស្តីពីការផ្ទុកអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីនៅក្នុងប្រទេសបេឡារុស្ស

0

បរទេស៖ ក្រសួងការពារជាតិបេឡារុស្សបានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងបេឡារុស្ស លោក ស៊ែរហ្គេយ ស័រហ្គូ (Sergey Shoigu) និងលោក វីកតូរ ក្រេនីន (Viktor Khrenin) បានចុះហត្ថលេខាលើឯកសារមួយនៅទីក្រុងមីនស្ក៍កាលពីថ្ងៃព្រហស្បតិ៍ ដោយកំណត់អំពីនីតិវិធីសម្រាប់ការរក្សាទុកអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីនៅឯកន្លែងផ្ទុកពិសេសនៅលើទឹកដីបេឡារុស្ស។

សេវាសារព័ត៌មានរបស់ក្រសួងបាននិយាយថា «ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ ឯកសារកំណត់នីតិវិធីសម្រាប់ការរក្សាទុកអាវុធនុយក្លេអ៊ែរមិនមែនយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅក្នុងកន្លែងផ្ទុកពិសេសនៅលើទឹកដីនៃសាធារណរដ្ឋបេឡារុស្សត្រូវបានចុះហត្ថលេខា»។

លោក ស័រហ្គូ បានសង្កត់ធ្ងន់ថា វិធានការណ៍ដែលធ្វើឡើងដោយរុស្ស៊ី និងបេឡារុស្ស គឺអនុលោមទៅតាមកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិដែលមានស្រាប់ទាំងអស់។

រដ្ឋមន្ត្រីការពារជាតិទាំងពីរបានពិភាក្សាអំពីស្ថានភាពយោធា និងស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន ព្រមទាំងបញ្ហានៃកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។

កាលពីថ្ងៃទី២៥ ខែមីនា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសថា តាមសំណើរបស់ទីក្រុងមីនស្ក៍ ទីក្រុងមូស្គូនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងប្រទេសបេឡារុស្ស ដែលស្រដៀងទៅនឹងអ្វីដែលសហរដ្ឋអាមេរិកបានធ្វើជាយូរមកហើយនៅលើទឹកដីនៃសម្ព័ន្ធមិត្តរបស់ខ្លួន។ ដូចដែលមេដឹកនាំរុស្ស៊ីបានបញ្ជាក់ហើយថា ការសាងសង់កន្លែងផ្ទុកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនឹងត្រូវបញ្ចប់នៅក្នុងប្រទេសបេឡារុស្សនៅថ្ងៃទី១ ខែកក្កដាខាងមុខ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា