បរទេស៖ រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ី លោក អ៊ែរឡាងហ្កា ហាតាតូ (Airlangga Hartarto) បានជួបពិភាក្សាតាមប្រព័ន្ធអនឡាញជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងទេសចរណ៍អូស្ត្រាលី លោក ដុន ហ្វារែល (Don Farrell) ដើម្បីពិភាក្សាអំពីខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងបណ្តាប្រទេសនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
បញ្ហានេះកំពុងត្រូវបានព្រួយបារម្ភដោយប្រទេសចំនួន១៤ ក្នុងកិច្ចចរចារក្របខ័ណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់វិបុលភាព (IPEF) ដើម្បីធានាបាននូវខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានសុវត្ថិភាព និងភាពធន់ ព្រមទាំងកាត់បន្ថយហានិភ័យនៃការរំខាន និងផលប៉ះពាល់ដល់ប្រទេសនានានៅក្នុងតំបន់។
យោងតាមលោក ហាតាតូ បានឱ្យដឹងថា បណ្តាប្រទេសជាដៃគូ IPEF ត្រូវបានគេរំពឹងថានឹងប្តេជ្ញាដើម្បីសម្រេចបាននូវគោលដៅរួមនៃខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានភាពធន់ និងឆាប់រហ័សក្នុងការងើបឡើងវិញពីបញ្ហាប្រឈម និងការប្រកួតប្រជែងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
កិច្ចពិភាក្សាទាក់ទងនឹងខ្សែសង្វាក់ផ្គត់ផ្គង់នោះ រួមមានការបង្កើតលក្ខណៈវិនិច្ឆ័យនៃទំនិញ និងវិស័យសំខាន់ៗ ភាពធន់ និងការធ្វើឱ្យប្រសើរឡើងនៃការវិនិយោគឆ្ពោះទៅរកទំនិញ និងវិស័យសំខាន់ៗ និងការបង្កើតការចែករំលែកព័ត៌មាន និងយន្តការឆ្លើយតបវិបត្តិ។ លោកបាននិយាយបន្ថែមថា វាក៏ពាក់ព័ន្ធនឹងការពង្រឹងប្រព័ន្ធភស្តុភារនៃខ្សែសង្វាក់ផ្គត់ផ្គង់ ការកែលម្អតួនាទីរបស់កម្មករ និងធានានូវតម្លាភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែច្រើន។
នៅក្នុងជំនួបនោះ រដ្ឋមន្ត្រីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសម្រាប់វិបុលភាពសេដ្ឋកិច្ច និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាការឈានទៅមុខដែលសម្រេចបាននៃជុំកិច្ចចរចាសម្រាប់ IPEF។
លោក ហ្វារែល បានគូសបញ្ជាក់ថា ភាពជឿនលឿនក្នុងរាល់កិច្ចពិភាក្សាសម្រាប់កិច្ចចរចាគឺមានសារៈសំខាន់បំផុត ដូច្នេះការពិភាក្សាទៅលើបញ្ហាដែលមិនទាន់សម្រេចបានផ្សេងៗគួរតែត្រូវបានធ្វើឡើងភ្លាមៗ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា