ប្រមុខការពារជាតិកូរ៉េខាងត្បូងជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

0

បរទេស៖ ក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងបាននិយាយថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក លី ជុងស៊ុប (Lee Jong-sup) បានជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីកាលពីថ្ងៃពុធ ដើម្បីពិភាក្សាគ្នាអំពីវិធីសាស្រ្តក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងឧស្សាហកម្មអាវុធទ្វេភាគី។

លោក លី បានចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម កាលពីព្រឹកថ្ងៃពុធ នៅកោះឡាំងកាវីរបស់ប្រទេសម៉ាឡេស៊ី បន្ទាប់ពីលោកបានទៅដល់ប្រទេសនោះកាលពីថ្ងៃចន្ទ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃ ដើម្បីចូលរួមការតាំងពិព័រណ៍សមុទ្រ និងលំហអាកាសអន្តរជាតិឡាំងកាវី។

យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងថា នៅក្នុងជំនួបនោះ ភាគីទាំងពីរបានវាយតម្លៃថា ប្រទេសរបស់ពួកគេបានបង្កើតទំនាក់ទំនងសហប្រតិបត្តិការដ៏រឹងមាំក្នុងរយៈពេល ៦០ឆ្នាំកន្លងមក ហើយការសម្រេចចិត្តនាពេលថ្មីៗនេះរបស់ប្រទេសម៉ាឡេស៊ីក្នុងការដាក់ឱ្យប្រើប្រាស់យន្តហោះវាយប្រហារធុនស្រាល FA-50 របស់កូរ៉េខាងត្បូងបានបង្ហាញពីរបត់ថ្មីមួយសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។

លោក លី បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាកាលពីថ្ងៃមុន ដែលបានបញ្ចប់ការនាំចេញយន្តហោះវាយប្រហារប្រភេទ FA-50 ចំនួន ១៨គ្រឿងរបស់ទីក្រុងសេអ៊ូលទៅកាន់ប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន Korea Aerospace Industries Ltd. ដែលជាក្រុមហ៊ុនផលិតយន្តហោះតែមួយគត់របស់ប្រទេសកូរ៉េខាងត្បូងបានចុះហត្ថលេខាលើលិខិតព្រមព្រៀងមួយជាមួយប្រទេសម៉ាឡេស៊ីកាលពីខែកុម្ភៈ ដើម្បីផ្គត់ផ្គង់យន្តហោះវាយប្រហារនេះ។

យោងតាមក្រសួងនោះបានឱ្យដឹងថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានកត់សម្គាល់ពីការដាក់ឱ្យប្រើប្រាស់យន្តហោះនេះ គឺជាការបង្ហាញថា កូរ៉េខាងត្បូងគឺជាប្រទេសសំខាន់មួយ និងជាមិត្តសម្រាប់ម៉ាឡេស៊ី ហើយបានសម្តែងក្តីសង្ឃឹមថានឹងអភិវឌ្ឍបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ តាមរយៈការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងការធ្វើសមយុទ្ធរួមគ្នា៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា