ឡាវ និងរុស្ស៊ី ពង្រឹងសាមគ្គីភាពឱ្យកាន់តែរឹងមាំ

0

បរទេស៖ ប្រធានគណបក្សរួបរួមរុស្ស៊ី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) បានជួបពិភាក្សាជាមួយលោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) ប្រធានាធិបតីឡាវ និងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ (LPRP) នៅក្នុងដំណើរទស្សនកិច្ចការងារនៅក្នុងប្រទេសឡាវតបតាមការអញ្ជើញរបស់មេដឹកនាំប្រទេសនេះ។

លោក ថងលូន ស៊ីស៊ូលីត បានលើកឡើងអំពីសមិទ្ធិផលលេចធ្លោមួយចំនួនរបស់ប្រទេសឡាវនាពេលកន្លងមក ជាពិសេសការអនុវត្តដំណោះស្រាយនៃមហាសន្និបាតជាតិលើកទី១១ របស់គណបក្សឡាវ និងការអនុវត្តផែនការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិរយៈពេលប្រាំឆ្នាំលើកទី៩ របស់ប្រទេសនេះ។

លោកបានអះអាងថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំរុស្ស៊ីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងគណបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។

សម្រាប់ភាគីរុស្ស៊ី លោក ម៉េដវេដេវ បានកោតសរសើរចំពោះលទ្ធផលជារួម និងធំធេងក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនាពេលកន្លងមកក្រោមការដឹកនាំរបស់គណបក្ស LPRP និងបានជូនពរប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបន្តសម្រេចបានជោគជ័យកាន់តែច្រើនក្នុងបុព្វហេតុការពារជាតិ និងការអភិវឌ្ឍក្នុងយុគសម័យថ្មី។

ភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរអំពីវិធានការដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាស្ថានភាពក្នុងតំបន់ និងអន្តរជាតិដែលមានការព្រួយបារម្មណ៍ពីគ្នាទៅវិញទៅមក។

ទន្ទឹមនឹងនេះដែរ លោក ម៉េដវេដេវ បានជួបជាមួយរដ្ឋមន្ត្រីសន្តិសុខសាធារណៈឡាវ លោក វីឡាយ ឡាខាំហ្វុង (Vilay Lakhamfong) និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ ចាន់សាម៉ូន ចាន់យ៉ាឡាត (Chansamone Chanyalath) ក្នុងអំឡុងពេលដែលភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងភាគីទាំងពីរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា