ឥណ្ឌូណេស៊ី និងជប៉ុន ចុះ​អនុស្សរណៈនៃការយោគយល់គ្នាស្តីពី​ការ​អភិវឌ្ឍរដ្ឋធានី​ថ្មី

0

បរទេស៖ ប្រទេសឥណ្ឌូណេស៊ី និងជប៉ុនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន៥ និងលិខិតតាំងចិត្ត (LoIs) ចំនួន២៤ ស្តីពីការអភិវឌ្ឍរដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូណេស៊ី (IKN) នៃទីក្រុងនូសាន់តារ៉ា (Nusantara)។ នេះបើយោងតាមអាជ្ញាធរទីក្រុងនូសាន់តារ៉ា (OIKN) បានជូនដំណឹង។

លោក បាំបាំង ស៊ូសាន់តូណូ (Bambang Susantono) ប្រធាន OIKN បាននិយាយថា បច្ចុប្បន្ន ទីក្រុងនូសាន់តារ៉ាមានឱកាសវិនិយោគដ៏ល្អបំផុតដែលមានស្រាប់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាការឆ្លុះបញ្ចាំងដោយការលើកទឹកចិត្តផ្សេងៗដែលផ្តល់ដោយរដ្ឋាភិបាលដល់វិនិយោគិន។

លោកបានបញ្ជាក់ថា គម្រោងអភិវឌ្ឍ IKN នឹងមិនត្រឹមតែមានអត្ថប្រយោជន៍សម្រាប់ប្រទេសឥណ្ឌូណេស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចផ្តល់អត្ថប្រយោជន៍ដល់ដៃគូពិភពលោកទាំងអស់ផងដែរ។

លោក ស៊ូសាន់តូណូ បាននិយាយថា មាន MoU ចំនួនប្រាំដែលត្រូវបានចុះហត្ថលេខាដោយ OIKN ជាមួយទីភ្នាក់ងារ និងក្រុមហ៊ុនជប៉ុន។ ទន្ទឹមនឹងនេះដែរ លិខិតតាំងចិត្តចំនួន២៤ ត្រូវបានក្រុមហ៊ុនជប៉ុនប្រគល់ជូន OIKN នៅចំពោះមុខប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo)។

លោក ស៊ូសាន់តូណូ បានកត់សម្គាល់ថា ទីក្រុងនូសាន់តារ៉ានឹងត្រូវប្រើប្រាស់ជាមន្ទីរពិសោធន៍នៃការរស់នៅដែលអនុញ្ញាតឱ្យដៃគូធ្វើការពិសោធន៍ជាមួយនឹងគំនិត និងការច្នៃប្រឌិតថ្មីៗ។

លើសពីនេះទៀត ទីក្រុងនូសាន់តារ៉ាមានគោលបំណងដើរតួនាទីយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ កសាងជីវចម្រុះឡើងវិញ និងសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs)។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសឥណ្ឌូណេស៊ី និងជប៉ុន ទៅលើគម្រោងអភិវឌ្ឍ IKN៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា