ឧត្តមសេនីយកំពូលរបស់កូរ៉េខាងត្បូង និងស៊ុយអែត ពិភាក្សាគ្នាអំពីសន្តិសុខក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការទ្វេភាគី

0

បរទេស៖ ប្រធានអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) លោកឧត្តមសេនីយ៍ គីម សឹងយុម (Kim Seung-kyum) បានជួបពិភាក្សាជាមួយឧត្តមសេនីយ៍កំពូលរបស់ស៊ុយអែតដែលកំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងកាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីសន្តិសុខក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី។ នេះបើយោងតាមការិយាល័យរបស់លោក គីម។

លោក គីម និងលោកឧត្តមសេនីយ៍ មីគែល ប៊ីដេន (Micael Byden) អគ្គមេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធស៊ុយអែត បានជជែកពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខមួយចំនួន រួមទាំងការបង្កហេតុខាងយោធារបស់កូរ៉េខាងជើង និងសង្រ្គាមដែលកំពុងបន្តនៅអ៊ុយក្រែន។

JCS បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ពួកគេបានយល់ស្របថា ការបង្កហេតុខាងយោធារបស់កូរ៉េខាងជើងនាពេលកន្លងមក គឺជាការរំលោភយ៉ាងច្បាស់ទៅលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់មិនត្រឹមតែឧបទ្វីបកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅលើបរិយាកាសសន្តិសុខអន្តរជាតិផងដែរ។

លោក គីម បានស្នើសុំការគាំទ្រពីប្រទេសស៊ុយអែតសម្រាប់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរពេញលេញរបស់កូរ៉េខាងជើង ដូចជាការអនុវត្តទណ្ឌកម្មជាដើម។

អ្នកទាំងពីរក៏បានសម្តែងការព្រួយបារម្ភចំពោះការបន្តនៃសង្រ្គាមនៅអ៊ុយក្រែនផងដែរ ហើយបានព្រមព្រៀងគ្នាថា ប្រទេសកូរ៉េខាងត្បូង និងស៊ុយអែតគួរតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសដែលកំពុងតែហែកហួរដោយសង្រ្គាមមួយនេះ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា