អាស៊ាន​ផ្តល់​ជំនួយ​ដល់​មី​យ៉ាន់​ម៉ាដើម្បី​ជួយ​ជនរងគ្រោះ​ដោយខ្យល់​ព្យុះ​ស៊ីក្លូនម៉ូកា

0

បរទេស៖ អាស៊ានបានប្រគល់ជំនួយសម្ភារៈប្រព័ន្ធភស្តុភារសម្រាប់សង្រ្គោះបន្ទាន់ពីគ្រោះមហន្តរាយសម្រាប់អាស៊ាន (DELSA) ដែលមានតម្លៃ ១០០.០០០ដុល្លារអាម៉េរិក ដើម្បីផ្គត់ផ្គង់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារខ្យល់ព្យុះស៊ីក្លូនម៉ូកា (Mocha) នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

កាលពីថ្ងៃទី១៤ ខែឧសភា ខ្យល់ព្យុះស៊ីក្លូនម៉ូកាបានបោកបក់ទៅលើរដ្ឋរ៉ាឃីនរបស់ប្រទេសមីយ៉ាន់ម៉ា ដោយបានប៉ះពាល់ដល់សហគមន៍ដែលងាយរងគ្រោះជាច្រើន ដែលរួមមានទាំងក្រុមងាយរងគ្រោះនៅក្នុងរដ្ឋរ៉ាក់ឃីន រដ្ឋឈិន តំបន់បាហ្គោ តំបន់អាយ៉េយ៉ាវ៉ាឌី តំបន់សាហ្គា និងតំបន់ម៉ាកវ៉េ។ ការវាយតម្លៃដំបូងបានបង្ហាញពីការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ និងកន្លែងសាធារណៈមួយចំនួន។ គិតត្រឹមថ្ងៃទី២១ ខែឧសភា ខ្យល់ព្យុះស៊ីក្លូនបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៤៥នាក់បានស្លាប់ និង ១៣១នាក់បានរងរបួស ហើយមនុស្សចំនួន ៩១២.០០០នាក់ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព។ សរុប​ការ​ខូច​ខាត​គិត​ជា​ទឹក​ប្រាក់ប្រមាណ ២,៧​លាន​ដុល្លារអាម៉េរិក។

មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ទៅលើការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) កំពុងរៀបចំបញ្ជូនសម្ភារៈសង្គ្រោះបន្ថែមទៀតពីឃ្លាំងក្នុងតំបន់ DELSA នៅក្នុងប្រទេសម៉ាឡេស៊ី និងឃ្លាំងផ្កាយរណបក្នុងប្រទេសថៃ។ ក្រុមការងារបានវាយតម្លៃ និងឆ្លើយតបគ្រោះអាសន្នអាស៊ាន (ASEAN-ERAT) ក៏ត្រូវបានដាក់ពង្រាយផងដែរ ដើម្បីធ្វើការវាយតម្លៃទៅលើតម្រូវការយ៉ាងឆាប់រហ័ស និងដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនសម្ភារៈជំនួយ។

អាស៊ានក៏បានអំពាវនាវឱ្យមានការរួមចំណែកបន្ថែមទៀតពីរដ្ឋជាសមាជិកអាស៊ាន ប្រទេសដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់រួមទាំងអង្គការមនុស្សធម៌អន្តរជាតិផងដែរ ដើម្បីជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការកាត់បន្ថយទុក្ខលំបាករបស់ប្រជាជនដែលរងផលប៉ះពាល់ដោយសារខ្យល់ព្យុះស៊ីក្លូន៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា