អាជ្ញាធររាជធានីភ្នំពេញ ចាត់កម្លាំងបន្តចុះកាត់មែកឈើធំៗនៅតាមដងផ្លូវដើម្បីការពារសុវត្ថិភាព ដល់អ្នកដំណើរ និងដើម្បីសោភណភាពទីក្រុងស្អាត

0

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តឱ្យកម្លាំងជំនាញ ចុះធ្វើការកាត់មែកឈើធំៗ នៅតាមដងផ្លូវនៅក្នុងរាជធានីភ្នំពេញ ចៀសវាងការបាក់រលំ, បិទបាំងភ្លើងស្តុប, សញ្ញាចរាចរណ៍។ល។ និងដើម្បីការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ព្រោះជារដូវភ្លៀងលាយឡំខ្យល់កន្ត្រាក់ បក់បោក និងដើម្បីសោភណភាព នៅក្នុងទីក្រុងភ្នំពេញផងដែរ ។

គួររម្លឹកថា ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី២៤-២៦ ខែឧសភា ឆ្នាំ២០២៣ ក្រុមសួនច្បារ និងដើមឈើ នៃរដ្ឋបាលរាជធានីភ្នំពេញ បានបន្តសកម្មភាពចុះកាត់មែកឈើ នៅតាមបណ្ដោយផ្លូវលេខ ២១៥ នៅមូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា ខណៈមែកឈើធំៗតែងតែបាំងភ្លើង, សញ្ញាចរាចរណ៍, ភ្លើងស្តុប,ធ្វើឱ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ពិបាក នឹងមើលភ្លើង, សញ្ញាបញ្ជាចរាចរណ៍ ត្រូវមែកឈើធ្លាក់បាំងស្ទើរតែមើលមិនឃើញតែម្ដង ។ បន្ថែមទៀតនោះ រាល់ពេលដែលមានភ្លៀងធ្លាក់ខ្លាំងជាមួយនឹងខ្យល់កន្ត្រាក់តែងតែមានការបាក់រលំមែកឈើមួយចំនួន ទៅលើយានយន្តរបស់ប្រជាពលរដ្ឋ និងធ្លាក់ទៅលើដងផ្លូវដែលជាការបង្អាក់ដំណើរចរាចរណ៍ និងធ្វើឱ្យកកស្ទះខ្លាំងនៅក្នុងរាជធានីភ្នំពេញ។

ដូច្នេះហើយរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងចុះកាត់មែកឈើធំៗដែលងាយបាក់រលំ ពេលដែលមានភ្លៀង និងខ្យល់បក់បោកខ្លាំងម្ដងៗ ។ នៅរដូវកាលនេះ គឺជារដូវភ្លៀងធ្លាក់ខ្លាំងលាយឡំនិងខ្យល់កន្ត្រាក់ សូមបងប្អូនប្រជាពលរដ្ឋបង្កើន ការការពារសុវត្ថិភាពផ្ទាល់ខ្លួន រាល់ ពេលដែលមេឃភ្លៀងខ្លាំងៗម្តង សូមមេត្តាកុំឈប់ ឬចតនៅក្រោមដើមឈើធំៗ ដែលអាចងាយនឹងរងគ្រោះ ពីការរលំ និងបាក់មែកឈើ ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា