បរទេស៖ ក្រុមមន្ត្រី និងអ្នកជំនាញបាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោកនឹងជំរុញការធ្វើសមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់តាមរយៈការយកពន្ធទាប ហើយនឹងពន្លឿនការងើបឡើងវិញនូវកំណើនរយៈពេលវែង និងភាពរុងរឿងនៃសេដ្ឋកិច្ចពិភពលោក។
ពួកគេបាននិយាយបន្ថែមថា នៅពេលដែលពិភពលោកកំពុងប្រឈមមុខនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការកើនឡើងនូវការការពារនិយម និងឯកតោភាគីនិយម និងការរំខានដល់ខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ កតិកាសញ្ញាពាណិជ្ជកម្មដែលជាប្រព័ន្ធសហប្រតិបត្តិការដោយការបើកចំហ និងបរិយាប័ន្ន នឹងត្រូវប្រើប្រាស់ជាផ្លូវដ៏រឹងមាំមួយឆ្ពោះទៅរកផលប្រយោជន៍ទៅវិញទៅមក។
ពួកគេបានធ្វើការកត់សម្គាល់នៅក្នុងទីក្រុងហៃគូខេត្តហៃណានរបស់ប្រទេសចិននៅក្នុងវេទិកាផ្សព្វផ្សាយ RCEP Media & Think Tank ប្រចាំឆ្នាំលើកទីបី ដែលប្រធានបទនៅក្នុងឆ្នាំនេះគឺ «រួមគ្នាកសាងតំបន់ពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក» ដោយវេទិកានេះត្រូវបានប្រារព្ធធ្វើឡើងដោយនាយកដ្ឋានផ្សព្វផ្សាយរបស់បក្សកុម្មុយនិស្តនៃគណៈកម្មាធិការខេត្តហៃណានប្រទេសចិន ប្រព័ន្ធផ្សព្វផ្សាយឆាយណាដេលី (China Daily) និងវិទ្យាស្ថានចិនសម្រាប់កំណែទម្រង់ និងអភិវឌ្ឍ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាដោយប្រទេសក្នុងអាស៊ីប៉ាស៊ីហ្វិកចំនួន១៥ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ នេះ នឹងត្រូវបានអនុវត្តយ៉ាងពេញលេញក្នុងចំណោមប្រទេសសេដ្ឋកិច្ចជាសមាជិកទាំងអស់នៅថ្ងៃទី២ ខែមិថុនា។ ប្រទេសហត្ថលេខីរួមមានប្រទេសចិន អូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង ព្រមទាំងរដ្ឋទាំង១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
លោក វ៉ាង ប៊ីន (Wang Bin) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការខេត្តហៃណាន (CPC) និងជាប្រធាននាយកដ្ឋានផ្សព្វផ្សាយរបស់គណៈកម្មាធិការបក្សខេត្ត បាននិយាយថា កំពង់ផែពាណិជ្ជកម្មសេរីហៃណាននឹងទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀង RCEP កាន់តែប្រសើរឡើង និងស្របតាមច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិជាលំដាប់។ ដើម្បីជំរុញបរិយាកាសស្ថាប័នជាមួយនឹងការប្រកួតប្រជែងជាសកល និងការបើកចំហឱ្យកាន់តែទូលំទូលាយ និងនៅកម្រិតកំពូល។
លោក គូ យីងពូ (Qu Yingpu) ដែលជាអ្នកបោះពុម្ពផ្សាយ និងជានិពន្ធនាយកនៃកាសែតឆាយណាដេលី បាននិយាយថា សន្តិភាព និងការអភិវឌ្ឍ ដែលជាប្រធានបទនៃសម័យកាល ឥឡូវនេះកំពុងប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ដោយសារតែភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែស៊ីជម្រៅ ការកើនឡើងនូវការការពារនិយម និងកត្តាហានិភ័យផ្សេងៗទៀត។
លោក គូ បាននិយាយថា ដោយផ្អែកទៅលើសន្ទុះដ៏ល្អ គ្រប់ភាគីពាក់ព័ន្ធគួរតែផ្តល់វេទិកាទូលំទូលាយសម្រាប់ក្មេងជំនាន់ក្រោយដើម្បីបង្ហាញពីទេពកោសល្យរបស់ពួកគេ និងទាក់ទាញពួកគេឱ្យកាន់តែច្រើនចូលរួមក្នុងការអនុវត្តប្រកបដោយគុណភាពខ្ពស់នៃកិច្ចព្រមព្រៀង RCEP។ លោកបាននិយាយបន្ថែមថា កិច្ចខិតខំប្រឹងប្រែងបែបនេះនឹងអាចឱ្យពួកគេចូលរួមចំណែកក្នុងផ្នែករបស់ពួកគេ និងជំរុញការកសាងសហគមន៍ជាមួយនឹងអនាគតរួមគ្នាសម្រាប់មនុស្សជាតិ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា