បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) និងបណ្តាមេដឹកនាំនៃសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាកាលពីថ្ងៃច័ន្ទដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាអាកាសធាតុ សុខភាព និងឌីជីថល ខណៈដែលពួកគេបានរៀបចំកិច្ចប្រជុំកំពូលនៅទីក្រុងសេអ៊ូលកាលពីថ្ងៃចន្ទ។
លោក យូន បានជួបជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ូស៊ុលឡា វ៉ុន ដឺរ ឡេយេន (Ursula von der Leyen) និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាលេសស៍ មីឈែល (Charles Michel) នៅការិយាល័យប្រធានាធិបតី ដោយប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគីនៅក្នុងឆ្នាំនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូលមេដឹកនាំទាំងបីនោះបាននិយាយថា ពួកគេបានព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមភាពជាដៃគូបៃតងរវាងកូរ៉េខាងត្បូង-សហភាពអឺរ៉ុប ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើបញ្ហានៃការប្រែប្រួលអាកាសធាតុ កិច្ចការពារបរិស្ថាន និងការផ្លាស់ប្តូរបៃតង។
មេដឹកនាំទាំងនោះក៏បានស្វាគមន៍ចំពោះការចាប់ផ្តើមនៃការរៀបចំរដ្ឋបាលកូរ៉េខាងត្បូង-សហភាពអឺរ៉ុប ស្តីពីការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ផ្នែកសុខភាព និងការឆ្លើយតបនៅក្នុងវិស័យនៃវិធានវេជ្ជសាស្ត្រផងដែរ ដោយបានព្រមព្រៀងជួយគ្នាទៅវិញទៅមកក្នុងការកំណត់អត្តសញ្ញាណនៃការគំរាមកំហែងសុខភាព និងសហការទៅលើការស្រាវជ្រាវ នវានុវត្តន៍ ការផលិត និងផលិតកម្មផ្នែកវិធានវេជ្ជសាស្ត្រ។
ពួកគេក៏បានព្រមព្រៀងគ្នាជួយដល់ប្រទេសផ្សេងៗទៀតដើម្បីបង្កើនសមត្ថភាពរបស់ពួកគេក្នុងការទប់ស្កាត់ រកឃើញ និងឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសុខភាពសាធារណៈផងដែរ។
សេចក្តីថ្លែងការណ៍រួមបាននិយាយថា មេដឹកនាំទាំងអស់បានស្វាគមន៍ចំពោះការចាប់ផ្តើមនៃភាពជាដៃគូឌីជីថលរវាងកូរ៉េខាងត្បូង-សហភាពអឺរ៉ុបកាលពីខែវិច្ឆិកាឆ្នាំមុន៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា