​ប្រធានាធិបតី​ប្រេស៊ីល​ ស្នើ​ឱ្យ​រៀបចំ​កិច្ចប្រជុំ​កំពូល​របស់​អង្គការសហប្រជាជាតិ​ស្តីពី​អ៊ុយក្រែន

0

បរទេស៖ ប្រធានាធិបតីប្រេស៊ីល លោក លូវីហ្ស អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) បានចាត់ទុកថាជាការចាំបាច់ណាស់ដែលត្រូវរៀបចំកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពនៅអ៊ុយក្រែន មុនពេលកិច្ចប្រជុំជាន់ខ្ពស់របស់អង្គការសហប្រជាជាតិនៅក្នុងខែកញ្ញាខាងមុខ។

លោក ដា ស៊ីលវ៉ា បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា «វាចាំបាច់ណាស់ដើម្បីពិភាក្សាអំពីសង្រ្គាមនៅអ៊ុយក្រែននៅក្នុងអង្គការសហប្រជាជាតិ។ ក្នុងអំឡុងពេលប្រាំខែនៃតំណែងជាប្រធានាធិបតីរបស់ខ្ញុំ គ្មាននរណាម្នាក់បានអញ្ជើញខ្ញុំឱ្យចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិដើម្បីពិភាក្សាអំពីសង្រ្គាមនេះទេ។ យើងអាចកំណត់ពេលវេលាកិច្ចប្រជុំមហាសន្និបាតដែលជាធម្មតាធ្វើឡើងនៅក្នុងខែកញ្ញាដើម្បីពិភាក្សាអំពីរឿងសង្រ្គាមនេះ»។

យោងតាមប្រធានាធិបតីប្រេស៊ីលបានឱ្យដឹងថា គួរតែអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ទៅជជែកពិភាក្សានៅក្នុងព្រឹត្តិការណ៍នោះ ដែលវាគួរតែបន្តដោយកិច្ចពិភាក្សាដែលមានលក្ខណៈត្រូវគ្នាមួយ។ យោងតាមលោក ដា ស៊ីលវ៉ា បានឱ្យដឹងថា វាមិនសមស្របទេក្នុងការពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែនទាំងក្នុងទម្រង់ក្រុមប្រទេស G7 ឬក្រុមប្រទេស G20 ។ ផ្ទុយទៅវិញ បញ្ហានេះត្រូវតែពិភាក្សានៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

នៅពេលមុននេះ មេដឹកនាំប្រេស៊ីលរូបនេះបាននិយាយថា រុស្ស៊ីជាអ្នកធានាសន្តិភាពយូរអង្វែងនៅក្នុងពិភពលោកទាំងមូល។ កាលពីមុន លោកបានស្នើឱ្យបង្កើតទម្រង់អន្តរជាតិថ្មីមួយដើម្បីបង្កើតឱកាសសម្រាប់កិច្ចសន្ទនារវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ហើយបានបញ្ជាក់ពីការត្រៀមខ្លួនរបស់លោកក្នុងការដើរតួនាទីជាអ្នកសម្របសម្រួលក្នុងកិច្ចចរចាដោយផ្ទាល់រវាងប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីអ៊ុយក្រែន៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា