អូទ្រីស អំពាវនាវឱ្យលោក​ខាង​លិចបន្តកិច្ច​ពិភាក្សា​ជាមួយ​ប្រទេសរុស្ស៊ី​

0

បរទេស៖ រដ្ឋមន្ត្រីការបរទេសអូទ្រីស លោក អាឡិចសាន់ដឺរ ស្កាល់លែនបឺក (Alexander Schallenberg) បាននិយាយថា ទីក្រុងវីយែនរក្សាបណ្តាញទំនាក់ទំនងក្រៅផ្លូវការជាមួយទីក្រុងមូស្គូ ហើយបានអំពាវនាវឱ្យមានកិច្ចសន្ទនាជាមួយប្រទេសរុស្ស៊ី បើទោះបីជាមានជម្លោះអ៊ុយក្រែនក៏ដោយ។

លោក​បាន​ចង្អុល​បង្ហាញនៅ​ក្នុង​បទសម្ភាសន៍មួយ​ជាមួយ​កាសែត Die Welt របស់ប្រទេស​អាល្លឺម៉ង់​ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា «លោក​ខាង​លិច​គួរ​តែ​បន្តកិច្ច​ពិភាក្សា​ជាមួយ​ប្រទេសរុស្ស៊ី​នូវ​របៀប​ដែល​រដ្ឋាភិបាលសហរដ្ឋ​អាមេរិក​កំពុង​ធ្វើ»។

យោងតាមលោក ស្កាល់លែនបឺក បានឱ្យដឹងថា វេទិកាអន្តរជាតិមួយចំនួន ដូចជាអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) និងអង្គការសហប្រជាជាតិ គួរតែត្រូវបានប្រើប្រាស់សម្រាប់កិច្ចពិភាក្សាបន្ថែមជាមួយប្រទេសរុស្ស៊ី។ អ្នកការទូត​កំពូល​របស់​អូទ្រីស​មើល​ឃើញ​ថា ​វា​ជា​ទំនួល​ខុស​ត្រូវ​ជា​សកលរបស់បណ្តា​ប្រទេស​លោក​ខាង​លិច។

លោក ស្កាល់លែនបឺក បានសង្កត់ធ្ងន់ថា ទីក្រុងវីយែនបានបន្តទំនាក់ទំនងជាមួយទីក្រុងមូស្គូតាមរយៈបណ្តាញក្រៅផ្លូវការ។ លោក​បាន​និយាយបន្ថែម​ថា «ប្រទេស​រុស្ស៊ី​មិន​បាន​បាត់​ខ្លួន​ពី​ផែនទី​ទេ ហើយនៅតែ​ជា​ប្រទេស​ជិតខាង​ភូមិសាស្ត្រ​ដ៏ធំ​បំផុត​របស់​សហភាព​អឺរ៉ុប និង​ជា​មហាអំណាច​នុយក្លេអ៊ែរ​ដ៏សំខាន់​របស់​ពិភពលោក»៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា