បរទេស៖ ប្រទេសថៃបាននាំចេញអង្ករចំនួន ២,៩៧លានតោនដែលមានតម្លៃ ១,៥ប៊ីលានដុល្លារអាម៉េរិកក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ ដែលកើនឡើងបាន ២៣%។ នេះបើយោងតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃ លោក អានុចា ប៊ូរ៉ាប៉ាចៃស្រ៊ី (Anucha Burapachaisri)។
លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុធ ចាន់អូចា (Prayut Chan-o-cha) បានណែនាំដល់ទីភ្នាក់ងាររដ្ឋឱ្យធ្វើការងារយ៉ាងសកម្មទៅលើការលើកកម្ពស់ការនាំចេញអង្ករ និងការបង្កើនផលិតកម្មដំណាំ ខណៈដែលរក្សាតម្លៃអង្ករឱ្យបានខ្ពស់នៅក្នុងទីផ្សារក្រៅប្រទេស។
លោក អានុចា បាននិយាយបន្ថែមថា ការនាំចេញអង្កររបស់ប្រទេសថៃត្រូវបានគេរំពឹងថានឹងបន្តកើនឡើងដោយសារតែតម្រូវការកើនឡើងនៅក្នុងប្រទេសជាច្រើន។ បច្ចុប្បន្ន ប្រទេសថៃជាប្រទេសនាំចេញអង្ករធំជាងគេលំដាប់ទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌា។
ទីផ្សារអង្ករសំខាន់ៗរបស់ប្រទេសថៃ រួមមានប្រទេសអ៊ីរ៉ាក់ ឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក អាហ្រ្វិកខាងត្បូង សេណេហ្គាល់ បង់ក្លាដែស ចិន ជប៉ុន កាមេរូន និងម៉ូសំប៊ិក ដោយអង្ករសត្រូវបាននាំចេញច្រើនជាងគេ បន្ទាប់មកគឺអង្ករផ្កាម្លិះ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា