ថៃ ទទួលបានប្រាក់ចំណូលជាង ១១,៣ប៊ីលានដុល្លារអាម៉េរិក ពីការទទួលភ្ញៀវទេសចរបរទេស គិតត្រឹមថ្ងៃទី១៥ ឧសភា

0

បរទេស៖ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសប្រមាណជិត ១០លាននាក់ហើយរហូតមកដល់ពេលនេះ ដោយទទួលបានប្រាក់ចំណូលប្រហែល ៣៩១ប៊ីលានបាត (ជាង ១១,៣ប៊ីលានដុល្លារអាម៉េរិក)។

លោកស្រី ត្រៃស៊ូលី តៃសារ៉ាណាគុល (Traisulee Taisaranakul) អ្នកនាំពាក្យរងរដ្ឋាភិបាលថៃត្រូវបានសារព័ត៌មានក្នុងស្រុកដកស្រង់សម្តីដែលបាននិយាយកាលពីថ្ងៃទី២០ ខែឧសភាថា ភ្ញៀវទេសចរបរទេសចំនួន ៩,៤៧លាននាក់បានទៅលេងប្រទេសថៃចាប់ពីខែមករា ដល់ថ្ងៃទី១៥ ខែឧសភា ដែលភាគច្រើនមកពីតំបន់អាស៊ីបូព៌ា អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។

រដ្ឋាភិបាល​ថៃ​បាន​បញ្ជា​ឱ្យ​ភ្នាក់ងារ​ពាក់ព័ន្ធទាំងអស់​បង្កើន​ការ​គាំទ្រ​ដល់​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅប្រទេសថៃ ​ជាពិសេស​ភ្ញៀវ​ចិន​ដើម្បី​ជំរុញ​កំណើន​វិស័យទេសចរណ៍។ យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងថា ប្រទេសថៃរំពឹងថានឹងមានភ្ញៀវទេសចរចិនជាង ៥,៣លាននាក់ទៅទស្សនាប្រទេសនេះ។ លោកស្រី ត្រៃស៊ូលី បាននិយាយបន្ថែមថា តួលេខនេះអាចឈានដល់ចំនួន ៧លាននាក់ ប្រសិនបើមានការគាំទ្រដោយការលើកទឹកចិត្តផ្នែកទេសចរណ៍ផ្សេងៗទៀត។

ប្រទេសថៃបានរំពឹងទុកថានឹងមានការកើនឡើងនៃចំនួនជើងហោះហើរពីប្រទេសចិនរហូតដល់ខែកញ្ញានៃឆ្នាំនេះ។ វាបានប៉ាន់ប្រមាណថា នឹងមានជើងហោះហើរ ៥.៣៣០ដងនៅក្នុងខែឧសភា ជើងហោះហើរចំនួន ៦.០៩០ដងនៅក្នុងខែមិថុនា ជើងហោះហើរចំនួន ៧.១៥០ដងនៅក្នុងខែកក្កដា ជើងហោះហើរចំនួន ៧.៤៦០ដងនៅក្នុងខែសីហា និងជើងហោះហើរចំនួន ៧.៣៤០ដងនៅក្នុងខែកញ្ញា។

លោកស្រី ត្រៃស៊ូលី បាននិយាយថា ចំនួនសរុបប៉ាន់ស្មាននៃជើងហោះហើររបស់ចិនដែលចូលទៅប្រទេសថៃក្នុងអំឡុងឆ្នាំសារពើពន្ធ២០២៣ ចាប់ពីខែតុលាឆ្នាំមុនដល់ខែកញ្ញាឆ្នាំនេះ គឺមានចំនួន ៤៦.១៧៥ដង។

ជាមួយគ្នានេះដែរ នាយកដ្ឋានសេដ្ឋកិច្ចទេសចរណ៍ និងកីឡានៃក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃបានរាយការណ៍ថា មានភ្ញៀវទេសចរបរទេសចំនួន ៤១៥.៣០៩នាក់ទៅទស្សនាប្រទេសថៃក្នុងអំឡុងពេលពីថ្ងៃទី៨-១៤ ខែឧសភា ឬប្រមាណជិត ៥៩.៣២៩នាក់ក្នុងមួយថ្ងៃ​ ដែលភាគច្រើនមកពីតំបន់អាស៊ីអាគ្នេយ៍ អាស៊ីបូព៌ា និងអាស៊ីខាងត្បូង៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា