បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់កូរ៉េខាងត្បូង លោក លី ជុងស៊ុប (Lee Jong-sup) នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មអាវុធ និងចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់ការនាំចេញយន្តហោះចម្បាំងធុនស្រាល FA-50 របស់កូរ៉េខាងត្បូងទៅកាន់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
ដំណើរទស្សនកិច្ចនេះ គឺស្ថិតក្នុងក្របខណ្ឌនៃពិព័រណ៍ដែនសមុទ្រ និងលំហអាកាសអន្តរជាតិឡាំងកាវី (LIMA 23) ដែលនឹងប្រព្រឹត្តទៅក្នុងប្រទេសម៉ាឡេស៊ីពីថ្ងៃទី២៣-២៧ ខែឧសភា។
ក្នុងដំណើរទស្សនកិច្ចនេះ លោក លី នឹងជួបជាមួយសមភាគីម៉ាឡេស៊ី លោក ម៉ូហាម៉ាដ ហាសាន់ (Mohamad Hasan) និងចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។
លោកនឹងចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាចុងក្រោយសម្រាប់កិច្ចព្រមព្រៀងនាំចេញ និងបង្ហាញពីឆន្ទៈរបស់ប្រទេសកូរ៉េខាងត្បូងក្នុងការពង្រឹងទំនាក់ទំនងឧស្សាហកម្មអាវុធទ្វេភាគីជាមួយប្រទេសម៉ាឡេស៊ី។
កាលពីខែកុម្ភៈ ក្រុមហ៊ុន Korea Aerospace Industries Ltd. ដែលជាក្រុមហ៊ុនផលិតយន្តហោះតែមួយគត់របស់កូរ៉េខាងត្បូង បានជោគជ័យសម្រាប់កិច្ចព្រមព្រៀងពីប្រទេសម៉ាឡេស៊ី ដើម្បីផ្គត់ផ្គង់យន្តហោះ FA-50 ចំនួន ១៨គ្រឿង។
នៅឯព្រឹត្តិការណ៍ LIMA 23 ក្រុមជិះយន្តហោះឥន្រ្ទីយ៍ខ្មៅ (Black Eagles) របស់កងទ័ពអាកាសកូរ៉េខាងត្បូងនឹងសម្តែងនៅក្នុងកម្មវិធីបង្ហាញផ្លូវអាកាស ខណៈដែលនាវា Nojeokbong របស់កងទ័ពជើងទឹកនឹងត្រូវបានដាក់តាំងបង្ហាញ។
ព្រឹត្តិការណ៍ LIMA 2023 ត្រូវបានគេរំពឹងថានឹងទាក់ទាញក្រុមហ៊ុនការពារជាតិចំនួន ៦០០មកពីជាង ៣០ប្រទេស ហើយស្វាគមន៍ឧត្តមមន្ត្រីការពារជាតិចំនួន ៧នាក់មកពីប្រទេសនានា ដែលរួមទាំងប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) និងសិង្ហបុរីផងដែរ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា