បរទេស៖ ទាហានមកពីកងកម្លាំងប្រដាប់អាវុធជាតិឥណ្ឌូណេស៊ី (TNI) កងម៉ារីនសហរដ្ឋអាមេរិក (USMC) និងកងកម្លាំងការពារអូស្ត្រាលី (ADF) កំពុងចូលរួមក្នុងការហ្វឹកហ្វឺនកាត់បន្ថយគ្រោះមហន្តរាយរួមគ្នាមួយនៅទីស្នាក់ការកណ្តាលរបស់ ADF ក្នុងទីក្រុងដារវីនរបស់ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែឧសភា។
ទីភ្នាក់ងារសារព័ត៌មានអាន់តារ៉ាបានរាយការណ៍ថា ការហ្វឹកហ្វឺននេះ គឺជាការបន្តនៃការធ្វើសមយុទ្ធឆ្លើយតបក្រពើត្រីភាគីឆ្នាំ២០២៣ ដែលបានធ្វើឡើងកាលពីថ្ងៃទី១០-១២ ខែឧសភា នៅមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាលរបស់ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ (BNPB’s) ក្នុងខេត្តជ្វាខាងលិចរបស់ប្រទេសឥណ្ឌូណេស៊ី។
យោងតាមលោកវរសេនីយ៍ឯក ដេដែន គូរនៀវ៉ាន់ (Deden Kurniawan) អនុប្រធានគណៈប្រតិភូ TNI បានឱ្យដឹងថា កងទាហាន TNI នឹងឆ្លងកាត់សកម្មភាពហ្វឹកហ្វឺនប្រកបដោយវិជ្ជាជីវៈនិងភាពរីករាយ។
សមយុទ្ធឆ្លើយតបក្រពើ គឺជាការសមយុទ្ធត្រីភាគីដែលធ្វើឡើងជារៀងរាល់ឆ្នាំដោយកងកម្លាំងប្រដាប់អាវុធនៃប្រទេសឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក និងអូស្ត្រាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកាត់បន្ថយគ្រោះមហន្តរាយ និងប្រតិបត្តិការមនុស្សធម៌។
ការហ្វឹកហ្វឺនរួមគ្នានៅក្នុងឆ្នាំនេះត្រូវបានបែងចែកជាបីដំណាក់កាល គឺវគ្គសិក្សានៅ Pusdiklat របស់ទីភ្នាក់ងារ BNPB ដែលធ្វើឡើងកាលពីសប្តាហ៍មុន ការហ្វឹកហ្វឺនបញ្ជាការប៉ុស្តិ៍ (CPX) និងការហ្វឹកហ្វឺននៅទីវាល (FTX) នៅក្នុងប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១៥-២៧ ខែឧសភា។
មេបញ្ជាការនៃបញ្ជាការដ្ឋានខាងជើងរបស់ ADF លោកអនុសេនីយ៍ឯក មីតឈែល លីវីនងស្តូន (Mitchell Livingstone) បាននិយាយថា វគ្គហ្វឹកហ្វឺននេះ គឺជារបៀបវារៈដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីក្នុងការកាត់បន្ថយគ្រោះមហន្តរាយ និងធ្វើឱ្យវាកាន់តែមានប្រសិទ្ធភាព៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា