អាស៊ាន និង កូរ៉េខាងត្បូង បញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូបន្ថែមទៀត

0

បរទេស៖ នៅក្នុងកិច្ចសន្ទនារវាងអាស៊ាន-កូរ៉េខាងត្បូង លើកទី២៧ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែឧសភា មន្ត្រីជាន់ខ្ពស់របស់អាស៊ាន និងកូរ៉េខាងត្បូង បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀត និងធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។

នៅក្នុងកិច្ចប្រជុំនោះបានកត់សម្គាល់អំពីវឌ្ឍនភាពល្អក្នុងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-កូរ៉េខាងត្បូងក្នុងរយៈពេលមួយឆ្នាំកន្លងមក តាមរយៈការអនុវត្តសេចក្តីសម្រេចដែលធ្វើឡើងដោយបណ្តាមេដឹកនាំភាគីទាំងពីរនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងលើកទី២៣ កាលពីក្នុងឆ្នាំ២០២២ និងការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនៃផែនការសកម្មភាពអាស៊ាន-កូរ៉េខាងត្បូង សម្រាប់ឆ្នាំ២០២១-២០២៥។ នេះ​បើយោង​តាម​សេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋាន​អាស៊ាន។

ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការដើម្បីជួយសម្រួលដល់ការងើបឡើងវិញក្រោយជំងឺរាតត្បាតនៅក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ សេដ្ឋកិច្ចឌីជីថល នវានុវត្តន៍ ការអភិវឌ្ឍប្រកបដោយចីរភាព ការតភ្ជាប់ ការគ្រប់គ្រងគ្រោះមហន្តរាយ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀងអាហារ និងថាមពល សុខភាពសាធារណៈ ការអប់រំ និង​ការ​ផ្លាស់​ប្តូររវាងប្រជាជន និងប្រជាជន ​ក្នុង​ចំណោមវិស័យផ្សេងៗទៀត។

អាស៊ានក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមសាមគ្គីភាពរវាងកូរ៉េខាងត្បូង-អាស៊ាន (KASI) ដែលមានគោលបំណងកសាងភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំរវាងអាស៊ាន និងកូរ៉េខាងត្បូង ហើយទន្ទឹងរង់ចាំការអនុវត្តរបស់ខ្លួនដើម្បីផលប្រយោជន៍ទៅវិញទៅមកតាមរយៈខ្សែបន្ទាត់ស្នូលទាំងប្រាំបីនៃកិច្ចខិតខំប្រឹងប្រែង។ ប្លុកនេះបានកោតសរសើរចំពោះផែនការរបស់កូរ៉េខាងត្បូងក្នុងការបង្កើនការរួមចំណែករបស់ខ្លួនចំពោះមូលនិធិនៃកិច្ចសហប្រតិបត្តិការដែលទាក់ទងនឹងអាស៊ានដែលឈានដល់ចំនួន ៤៨លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ២០២៧ ដែលជាផ្នែកមួយនៃ KASI ។

ភាគីកូរ៉េខាងត្បូងបានបញ្ជាក់អំពីការគាំទ្ររបស់ខ្លួនចំពោះភាពជាកណ្តាលរបស់អាស៊ាន និងទស្សនវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (AOIP)។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យសំខាន់ៗចំនួនបួនក្រោម AOIP។

កិច្ចប្រជុំនោះបានពិភាក្សាបន្ថែមទៀតអំពីបញ្ហាកង្វល់រួម រួមទាំងបញ្ហាសមុទ្រខាងកើត ឧបទ្វីបកូរ៉េ ការវិវឌ្ឍន៍នៅមីយ៉ាន់ម៉ា និងស្ថានភាពនៅអ៊ុយក្រែន។

កិច្ចសន្ទនានេះត្រូវបានធ្វើជាសហប្រធានដោយប្រធានស្តីទីនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) របស់វៀតណាម លោក វូ ហូ (Vu Ho) និងប្រធាន SOM ស្តីទីរបស់កូរ៉េខាងត្បូង លោក គីម ដុងបេ (Kim Dong-bae)។ មន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងអគ្គលេខាធិការរងនៃសហគមន៍នយោបាយ-សន្តិសុខអាស៊ានក៏បានចូលរួមនៅក្នុងកិច្ចប្រជុំនោះដែរ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មាន