បរទេស៖ បញ្ហាប្រឈម និងទស្សនវិស័យអភិវឌ្ឍនៃបណ្តាប្រទេសជាសមាជិកអាស៊ានក្នុងអំឡុងពេលនៃដំណើរការសមាហរណកម្មក្នុងតំបន់ ត្រូវបានរំលេចនៅក្នុងសន្និសីទអន្តរជាតិមួយដែលធ្វើឡើងដោយវិទ្យាស្ថានចិន និងអាស៊ីសហសម័យ (ICCA) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ីដែលបានធ្វើពិធីបើកនៅក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃទី១៧ ខែឧសភា។
ថ្លែងនៅក្នុងព្រឹត្តិការណ៍ដែលមានរយៈពេលពីរថ្ងៃនេះ នាយក ICCA លោក គីរីល វ៉្លាឌីមីរ៉ូវីច បាបែវ (Kirill Vladimirovich Babaev) បានចាត់ទុកថា ការសិក្សាអំពីដំណើរការនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមទំនើបក្នុងបណ្តាប្រទេសនៅអាស៊ីបូព៌ា ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសទាំងណោះ និងរវាងប្រទេសទាំងនោះ និងទីក្រុងមូស្គូមានសារៈសំខាន់ណាស់ចំពោះប្រទេសរុស្ស៊ីក្នុងបរិបទនាពេលបច្ចុប្បន្ននេះ។
លោកបាននិយាយថា សន្និសីទនេះផ្តល់ឱកាសដល់ក្រុមអ្នកជំនាញមកពីប្រទេសរុស្ស៊ី និងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាទៅលើបញ្ហាអន្តរជាតិសំខាន់ៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរបស់ពួកគេ។
ចំណែកលោក នីកូឡាយ ស្ទែននីស្លាវ៉ូវីច ណូហ្សដ្រេវ (Nikolai Stanislavovich Nozdrev) ប្រធាននាយកដ្ឋានទីបីនៃតំបន់អាស៊ីនៃក្រសួងការបរទេសរុស្ស៊ីបាននិយាយថា លទ្ធផលស្រាវជ្រាវរបស់ក្រុមអ្នកជំនាញ គឺជាប្រភពដ៏សំខាន់សម្រាប់ដំណើរការបង្កើតគោលនយោបាយខាងក្រៅរបស់រុស្ស៊ី។
ថ្លែងមតិជាមួយអ្នកឆ្លើយឆ្លងសារព័ត៌មានវៀតណាម (VNA) នៅទីក្រុងមូស្គូនៅខាងក្រៅសន្និសីទនោះ ប្រធានមជ្ឈមណ្ឌល ICCA សម្រាប់ការសិក្សាវៀតណាម និងអាស៊ាន លោក វ៉្លាឌីមៀរ ម័រស៊ីវីច ម៉ាហ្ស៊ីរីន (Vladimir Moiseevich Mazyrin) បានរំលឹកឡើងវិញថា តំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាស្នូលនៃគោលនយោបាយការបរទេសរបស់រុស្ស៊ី។
ទន្ទឹមនឹងនោះដែរ លោក វីកតូរ៉ូវីច ប្រេឌីឃីន (Viktorovich Bredikhin) អ្នកជំនាញរបស់ ICCA បានអះអាងថា វៀតណាមជាដៃគូសំខាន់នាំមុខគេរបស់រុស្ស៊ីក្នុងចំណោមបណ្តាប្រទេសនៅអាស៊ាន ជាពិសេសចំពេលដែលស្ថានភាពភូមិសាស្ត្រនយោបាយដ៏លំបាកនាពេលបច្ចុប្បន្ន៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា